(វ៉ាស៊ីនតោន)៖ ទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការក្តី ប៉ុន្តែចំពោះសេចក្តីរាយការណ៍ព័ត៌មានចុងក្រោយមួយកាលពីថ្ងៃអាទិត្យដែលថា ជនជាតិអាមេរិកម្នាក់បន្ថែមទៀត ត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួននោះ បានបង្កជាក្តីព្រួយបារម្ភយ៉ាងខ្លាំង ដល់ក្រសួងការបរទេសអាមេរិក ខណៈដែលជនជាតិអាមេរិកម្នាក់ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុននោះ មិនទាន់ត្រូវបានគេដឹថា មានជោគវាសនាយ៉ាងណានៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។
កូរ៉េខាងជើងនាពេលថ្មីៗនេះបានប្រកាសថា ខ្លួនបានចាប់ខ្លួនពលរដ្ឋអាមេរិកម្នាក់ទៀតហើយពីបទប្រព្រឹត្តសកម្មភាពប្រឆាំងរដ្ឋអំណាច ដែលប្រការនេះបណ្តាលឲ្យចំនួនពលរដ្ឋអាមេរិក បានជាប់ឃុំខ្លួននៅក្នុងប្រទេសកុម្មុយនិស្តមួយនេះកើនដល់បួននាក់។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានធ្វើសេចក្តីរាយការណ៍ឲ្យដឹងថា លោក Kim Hak-Song ដែលធ្វើការនៅឯសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តព្យុងយ៉ាង (PUST ) ត្រូវបានអាជ្ញាធរកូរ៉េខាងជើង ឃាត់ខ្លួននាថ្ងៃអាទិត្យម្សិលមិញនេះ ស្របពេលដែលការស៊ើបអង្កេតទៅលើបទឧក្រិដ្ឋរបស់លោក កំពុងតែប្រព្រឹត្តទៅ។ ជុំវិញការចាប់ខ្លួននេះ ក្រសួងការបរទេសអាមេរិកក៏បានបញ្ជាក់ផងដែរថា ខ្លួនបានជ្រាបអំពីរឿងនេះផងដែរ។
គួរបញ្ជាក់ថា Kim Hak-Song គឺជាពលរដ្ឋអាមេរិកទីបួនហើយ ដែលត្រូវបានចាប់ឃុំខ្លួននៅកូរ៉េខាងជើង បន្ទាប់ពីលោក Kim Sang-Duk ដែលជាអ្នកធ្វើការនោះសាកលវិទ្យាល័យ PUST ដូចគ្នានោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២២ ខែមេសា។ ក្រៅពីនេះលោក Kim Dong-chul និងនិស្សិតអាមេរិកម្នាក់ទៀតឈ្មោះ Otto Warmbier ត្រូវបានកាត់ទោស និងឃុំខ្លួនពីបទធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលរបស់ លោក គីម ជុងអ៊ុន។
ដោយឡែកជុំវិញបញ្ហានេះដែរ ស្របពេលដែលភាពតានតឹងរវាងកូរ៉េខាងជើង និងអាមេរិក នៅតែកើនឡើងកម្តៅដដែលនោះ ក្រុមអ្នកជំនាញលើសំណុំរឿងកូរ៉េខាងជើងមួយចំនួនយល់ថា ទីក្រុងព្យុងយ៉ាងអាចនឹងប្រើការចាប់ខ្លួនពលរដ្ឋអាមេរិក ដើម្បីចរចាជាមួយសហរដ្ឋអាមេរិកនៅថ្ងៃណាមួយ។ ក៏ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានអះអាងថា នឹងមិនបណ្ដោយឲ្យទីក្រុងព្យុងយ៉ាង យកការចាប់ខ្លួនពលរដ្ឋរបស់ខ្លួនទុកចរចាជាដាច់ខាត ហើយថា កិច្ចចរចាអាចធ្វើទៅបាន ដរាបណាកូរ៉េខាងជើង មានឆន្ទៈបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ៕