(ប៉ារីស)៖ បន្ទាប់ពីលោក Emmanuel Macron បានផ្តួលលោកស្រី Marine Le Pen នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង នាថ្ងៃអាទិត្យម្សិលមិញនេះ មេដឹកនាំនៃបណ្តាប្រទេសជុំវិញពិភពលោក ក្នុងនោះមានប្រធានាធិបតីចិន លោក ស៊ី ជិនពីង ផងដែរ បានរួមគ្នាអបអរសាទរចំពោះជ័យជម្នះរបស់មេដឹកនាំថ្មី ដែលប្រជាជនបារាំងបានសម្រេចជ្រើសរើស ដែលសំឡេងគាំទ្រច្រើនបំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។
ក្រោយពីលទ្ធផលផ្លូវការចុងក្រោយបំផុត ពីក្រសួងមហាផ្ទៃនៃប្រទេសបារាំងបានបញ្ជាក់យ៉ាងច្បាស់ថា លោក Macron បានយកឈ្នះលើគូប្រជែង ក្នុងសំឡេងគាំទ្រចំនួន ៦៦.០៦ភាគរយ ទល់នឹង៣៣.៩៤ភាគរយនោះ មេដឹកនាំនៃប្រជាជាតិជុំវិញពិភពលោករួមមាន ប្រធានាធិបតីអាមេរិកលោក Donald Trump, នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May, អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel, នាយករដ្ឋមន្រ្តីដាណឺម៉ាកលោក Lars Loekke Rasmussen, និងប្រធានាធិបតីចិនលោក Xi Jinping ជាដើម បានចូលរួមផ្ញើសារជូនពរ ដ៏ដូចជាអបអរសាទរដល់លោក Macron និងកំពុងទន្ទឹងរង់ចាំធ្វើការងារជាមួយប្រធានាធិបតី ជាប់ឆ្នោតបារាំងរូបនេះនាថ្ងៃខាងមុខ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពិភពលោកនេះ ត្រូវបានឃ្លាំមើលដោយមិនដាក់ភ្នែកពីសំណាក់អ្នកនយោបាយអឺរ៉ុបទំាងអស់ថា តើលោកស្រី Le Pen ឬ លោក Macron ដែលនឹងក្លាយជាប្រធានាធិបតីបារាំងទី០៨ ពោលគឺបើសិនជាលោក Macron ជាប់ឆ្នោត វាអាចជាដំណឹងល្អសម្រាប់ពួកគេ ក៏ប៉ុន្តែបើសិនជាលោកស្រី Le Pen ជាប់ឆ្នោតវិញនោះ នយោបាយអឺរ៉ុប និងបារាំង អាចនឹងត្រូវប្រឈមមុខនឹងរលកយក្សស៊ូណាមិ នៃនយោបាយជ្រុលនិយម របស់បេក្ខជនស្ដាំនិយមជ្រុលរូបនេះ។ យ៉ាងណាមិញនៅទីបំផុត ជ័យជម្នះរបស់លោក Emmanuel Macron បានផ្តល់ភាពធូរស្រាលក្នុងចិត្តដល់សហភាពអឺរ៉ុប៕