(ប៉ារីស)៖ ប៉ូលិសបារាំងបានសម្រេចចិត្ត​ប្រើប្រាស់ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ នៅក្នុងតំបន់ Menilmontant ស្ថិតនៅភាគខាង​កើតទីក្រុងប៉ារីស ដែលពួកគេបានប្រមូលម្ដុំគ្នា​ធ្វើការតវ៉ា ក្រោយលទ្ធផលបោះឆ្នោត​បង្ហាញថា លោក Emmanuel Macron បានផ្ដួលលោក​ស្រី Marine Le Pen ក្លាយជាប្រធានាធិបតីបារាំងទី២៥។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ​ ទី០៨ ខែឧសភា ឆ្នាំ២០១៧។

នៅក្នុងការតវ៉ា​នោះដែរ ក្រុមបាតុករឆ្វេងនិយមខាងលើមានគ្នាច្រើន​ជាង ១០០នាក់ បាននំាគ្នា​ស្រែកថា «យើងទំាងអស់គ្នា​ស្អប់ប៉ូលិស» ហើយ ក្រោយមក​ក្រុមយុវជនភាគច្រើន​បានចោលដុំថ្ម​ទៅលើប៉ូលិស ជាហេតុបង្ខំ​ឱ្យអាជ្ញាធរ បង្ខំចិត្តប្រើប្រាស់ឧស័្មន​បង្ហូរទឹកភ្នែកបំបែកក្រុមបាតុករទំាងនេះតែម្តង។ ចំណែកឯ​នៅទីក្រុងណង់ (Nantes) ឯណោះវិញ ក្រុមបាតុករ​ប្រមាណ ៤០០នាក់ ក៏បានប៉ះទង្គិច​ជាមួយអាជ្ញាធរ​ផងដែរ ដោយបង្ក​ឱ្យមនុស្ស​ជាច្រើននាក់រងរបួស និង០៧នាក់ផ្សេងទៀត​ត្រូវបានប៉ូលិសចាប់ខ្លួន។

គួរបញ្ជាក់ថា បើតាមលទ្ធផលបោះឆ្នោតស្ទើរតែទាំងស្រុង ពីក្រសួង​មហាផ្ទៃបារាំង លោក Macron បានផ្តួល​លោកស្រី Le Pen ដោយទទួលបាន​សំឡេងគាំទ្រ​ចំនួន ៦៦.០៦សំឡេង ទល់នឹង​​៣៣.៩៤សំឡេង៕