(ប៉ារីស)៖ នៅទីបំផុតដូចការរំពឹងទុកលទ្ធផលបណ្តោះអាសន្នបង្ហាញថា បេក្ខជនប្រធានាធិបតីបារាំងគាំទ្រអឺរ៉ុប លោក Emmanuel Macron បានទទួលជ័យជម្នះ៦៥% លើលោកស្រី Marine Le Pen នៅក្នុងបោះឆ្នោតជុំទី០២ ដែលនេះមានន័យថា លោក Macron នឹងក្លាយជាប្រធានាធិបតីបារំាងទី០៨ មានវ័យក្មេងជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្របារាំង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្តិចនាយប់ឆ្លងចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧។
យោងតាមលទ្ធផលបោះឆ្នោតបឋម អតីតរដ្ឋមន្ត្រីសេដ្ឋកិច្ច ក្រោមរដ្ឋាភិបាលប្រធានាធិបតីបារាំង លោក ហ្រ្វង់ស័រ ហូឡង់ វ័យ៣៩ឆ្នាំ លោក Macron បានទទួលសំឡេងគាំទ្រ៦៥% ទល់នឹង ៣៥% របស់លោកស្រី Le Pen។ ម្យ៉ាងវិញទៀត តាមរយៈ ជ័យជម្នះនេះវាគឺជាដំណឹងល្អសម្រាប់សហភាពអឺរ៉ុបទំាងមូល ត្បិតវាបានទប់ស្កាត់រលកយក្សស៊ូណាមិ នៃនយោបាយចង្អៀតចង្អល់របស់លោកស្រី Le Pen ដែលមានបំណងចង់ឱ្យបារាំងចាកចេញពីសហភាពអឺរ៉ុប ឈប់ចាយលុយអឺរ៉ុប ងាកមកចាយលុយហ្វ្រង់វិញ បិទព្រំដែន និងអនុវត្តកម្មវិធី សេដ្ឋកិច្ចគាំពារនិយមជាដើម។ តែទោះបីជាយ៉ាងណា លោក Macron ផ្ទាល់ក៏មិនពេញចិត្តចំពោះគោលនយោបាយមួយចំនួនរបស់សហភាពអឺរ៉ុប នៅពេលបច្ចុប្បន្ននេះដែរ ដោយលោកបានអំពាវនាវឱ្យធ្វើកំណែទម្រង់ជាបន្ទាន់។
សូមបញ្ជាក់ថា នេះគឺជាលើកទីមួយហើយ ក្នុងរយៈពេលជាង៦០ឆ្នាំមកនេះ ដែលប្រធានាធិបតីបារាំង មិនមែនជាបេក្ខជនមកពីគណបក្សសង្គម និយម ឬក៏សាធារណៈរដ្ឋ ដែលតែងតែផ្លាស់វេនគ្នាដឹកនាំបារាំង។ លោក Emmanuel Macron អាចនឹងការស្បថចូលកាន់តំណែងជាប្រធានាធិបតី ថ្មីនៅពាក់កណ្ដាលខែឧសភានេះ ពោលគឺមុនការបោះឆ្នោតសភា ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១១ និងទី១៨ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីជ្រើស តាំងសមាជិកសភា៥៧៧នាក់៕