(ប៉ារីស)៖ រហូតមកដល់ម៉ោង៥ល្ងាច ម៉ោងនៅក្នុងប្រទេសបារាំង ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទី២ ដែលជាជុំផ្តាច់ព្រ័ត្រនោះ មានប្រជាពលរដ្ឋបារាំងប្រមាណ៦៥,៣០ភាគរយហើយ បានទៅបោះឆ្នោត ហើយនៅសល់ចំនួនតិចតួចប៉ុណ្ណោះមិនទាន់បានបោះឆ្នោត។ នេះបើយោងតាមប្រភពរបស់ក្រសួងមហាផ្ទៃបារាំង ដែលត្រូវបានដកស្រង់មកចេញផ្សាយដោយព័ត៌មាននានា ក្នុងប្រទេសបារាំងនៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ។
ការបោះឆ្នោតជុំទី២នេះ បេក្ខភាពប្រធានាធិបតីបារាំង លោក Emmanuel Macron និង លោកស្រី Marine Le Pen បានទៅបោះឆ្នោតគាំទ្រខ្លួនឯង រៀងៗខ្លួនរួចហើយ នៅម៉ោង១១ព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងនៅស្រុកបារាំង) ខណៈប្រធានាធិបតីផុតអាណត្តិលោក ហ្រ្វង់ស័រ ហូឡង់ ក៏បានទៅបោះឆ្នោតរួចរាល់ហើយ។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅបារាំង បានប្រព្រឹត្តទៅក្រោមការរឹតបន្តឹងសន្តិសុខកាន់តែខ្លាំងជាងមុន ដោយកងកម្លាំងជាង ៥០០០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីការពារសន្តិសុខ។ រីឯអ្នកនយោបាយអឺរ៉ុបទំាងអស់ ក៏កំពុងចាំរង់ចាំមើលលទ្ធផលបោះឆ្នោតថា តើលោកស្រី Le Pen ឬ លោក Macron ដែលនឹងក្លាយជាប្រធានាធិបតីបារាំងទី០៨ ពោលគឺបើសិនជាលោក Macron ជាប់ឆ្នោត វាអាចជាដំណឹងល្អសម្រាប់ពួកគេ ក៏ប៉ុន្តែបើសិនជាលោកស្រី Le Pen ជាប់ឆ្នោតវិញនោះ នយោបាយអឺរ៉ុប និងបារាំង អាចនឹងត្រូវប្រឈមមុខនឹងរលកយក្សស៊ូណាមិ នៃនយោបាយជ្រុលនិយម របស់បេក្ខជនស្ដាំ និយមជ្រុលរូបនេះ។
សូមបញ្ជាក់ថា លោក Macron បានទៅបោះឆ្នោតនៅឯតំបន់Touquet រីឯ លោកស្រី Le Pen បានទៅបោះឆ្នោតនៅតំបន់ Hénin-Beaumont។ ដោយឡែក លោក ហ្រ្វង់ស័រ ហូឡង់ ក៏បានទៅបោះឆ្នោតជ្រើសរើសបេក្ខជនដែលលោក ពេញចិត្តផងដែរ បន្ទាប់ពីលោកផ្ទាល់បានអំពាវនាវឱ្យប្រជាជនបារាំងបោះឆ្នោតឱ្យអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់លោក គឺលោក Emmanuel Macron ដែលត្រូវបានគេរំពឹងថា មានលទ្ធភាពខ្ពស់ក្លាយជាប្រធានាធិបតីបារាំង៕