Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចប៉ាប ខឹងរឿងឈ្មោះ ម៉ែគ្រាប់បែក របស់សហរដ្ឋអាមេរិក ខណៈរុស្ស៊ីមានឪគ្រាប់បែក

07-05-2017 12:17

(វ៉ាទីកង់)៖ សម្ដេចប៉ាបហ្រ្វង់ស៊ីស (Pope Francis) បានសម្ដែងការមិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំង ចំពោះការដាក់ឈ្មោះ គ្រាប់បែកដ៏មាន ឥទ្ធិពលរបស់សហរដ្ឋអាមេរិក ថាជាម៉ែគ្រាប់បែក ខណៈរុស្ស៊ីមានឪគ្រាប់បែក។ ការរិះគន់នេះទៀតសោត ធ្វើឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បាន ទម្លាក់គ្រាប់បែកប្រភេទនេះ នៅឯអាហ្វហ្គានីស្ថាន កាលពីខែមុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០១៧។​

ថ្លែងចំពោះមុខក្រុមសិស្សសាលា នៅឯបុរីវ៉ាទីកង់ សម្ដេចប៉ាប ហ្រ្វង់ស៊ីស បាន លើកឡើងដូច្នេះថា៖ «ខ្ញុំពិតខ្មាស់អៀនណាស់ នៅពេលលឺឈ្មោះ នេះ (ម៉ែគ្រាប់បែក) ព្រោះពាក្យថាម្ដាយ ឬម៉ែ គឺជាអ្នកផ្ដល់កំណើត ក៏ប៉ុន្តែពាក្យថា ម៉ែគ្រាប់បែកនេះ បែរជាសម្លាប់មនុស្សទៅវិញ (...) ដូច្នេះ តើយើងអាចហៅអាវុធនេះថាជាម៉ែ ម្ដេចនឹងកើតទៅ? ហើយតើវានឹងមានរឿងអ្វីកើតឡើងបន្ទាប់?»

គួររំលឹកថា កាលពីខែមេសា កន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កភាពភ្ញាក់ផ្អើល ដល់ពិភពលោក ដោយលោកបញ្ជាឱ្យ កងទ័ពអាមេរិកទម្លាក់គ្រាប់បែកមានឈ្មោះក្រៅផ្លូវការថា «ម៉ែគ្រាប់បែក» និងមានទម្ងន់ដល់ទៅជាង ៩,៨០០គីឡូក្រាមលើផ្លូវរ៉ូងក្រោមដីរបស់ពួក ISIS នៅក្នុងខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន៕