(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមគិតគូអំពីការដាក់ពង្រាយប្រព័ន្ធមីស៊ីលប្រយុទ្ធ ដែលអាចមានលទ្ធភាពកម្ទេចទីតាំងរបស់សត្រូវនៅថ្ងៃអនាគត ខណៈដែលស្ថានការណ៍ក្នុងតំបន់ងាយនឹងរងភាពតានតឹងខ្លាំង ដោយសារតែការបង្កើនឥទ្ធិពលនៃប្រទេសជិតខាង ជាពិសេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧។
មន្ត្រីរដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា មីស៊ីលដែលរដ្ឋាភិបាលជប៉ុនកំពុងតែពិចារណាចង់ធ្វើការដាក់ពង្រាយនោះ គឺជាប្រភេទរយៈចម្ងាយឆ្ងាយ Tomahawk ដែលអាចនឹងត្រូវបំពាក់ទៅលើនាវា Aegis-equipped របស់កងកម្លាំងស្វ័យការពារ។ ប្រទេសជប៉ុនមិនមែនត្រឹមតែគិតគូអំពីការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការបំពាក់ប្រព័ន្ធមីស៊ីល ដើម្បីបាញ់កម្ទេចទីតាំងបំពាក់សព្វាវុធរបស់សត្រូវនោះ ក៏ជារឿងដែលចាំបាច់បំផុតផងដែរ។
គួរបញ្ជាក់ថា ចេតនារបស់រដ្ឋាភិបាលជប៉ុនខាងលើនេះ ក៏នឹងទទួលរងនូវការចោទប្រកាន់ និងរិះគន់ដូចពេលមុនៗដែរ ក៏ព្រោះតែរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ ហាមឃាត់មិនជប៉ុនធ្វើការបង្កើនឥទ្ធិពលអ្វីមួយក្នុងចេតនាបង្កសង្គ្រាមនោះឡើយ៕