(ម៉ូស្គូ)៖ រុស្ស៊ីនៅថ្ងៃសុក្រនេះបានសម្រេចដាក់បំរាម ទៅលើការប្រើប្រាស់កម្មវិធីផ្ញើសារតាមទូរស័ព្ទ WeChat មកពីប្រទេសចិន ទៅទូទាំងប្រទេសរុស្ស៊ីតែម្តង ដោយលើកយកហេតុផលថា ប្រធានប្រតិបត្តិរបស់កម្មវិធីនេះ មិនបានធ្វើការចុះឈ្មោះជាមួយអាជ្ញាធរដែលពាក់ព័ន្ធនោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧។
លោក Vadim Ampelonsky អ្នកនាំពាក្យទីភ្នាក់ងារឃ្លាំមើល បណ្តាញទូរគមនាគមន៍នៃប្រទេសរុស្ស៊ី Roskomnadzor បានថ្លែងថា «កម្មវិធី WeChat ពុំបានផ្តល់ព័ត៌មានសម្រាប់ទំនាក់ទំនង ដែលចាំបាច់សម្រាប់ការចុះឈ្មោះក្នុងបញ្ជីត្រឹមត្រូវ ជាមួយអាជ្ញាធររុស្ស៊ីនោះឡើយ»។ ខណៈពេលនេះ អ្នកប្រើប្រាស់ WeChat មួយចំនួនមិនអាច Log In ចូលក្នុងគណនីរបស់ពួកគេ ឬមួយក៏ផ្ញើសារចេញបាននោះឡើយ។
គួរបញ្ជាក់ថា WeChat គឺជាកម្មវិធីផ្ញើសារដ៏មានប្រជាប្រិយបំផុត នៅក្នុងប្រទេសចិន ហើយត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ដោយជនជាតិចិនរស់នៅឯក្រៅប្រទេស ហើយវាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent។ យ៉ាងណាមិញក្រៅពី WeChat ក្នុងសប្តាហ៍នេះទីភ្នាក់ងារ Roskomnadzor ក៏បាន Block កម្មវិធី Messenger, Line, និង Vchat ក្រោមហេតុផលដូចគ្នាផងដែរ៕