(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ការធ្វើសមយុទ្ធយោធារួមទ្រង់ទ្រាយរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានឈានដល់ដំណាក់កាលដ៏គួរឲ្យស្អប់ខ្ពើមជាទីបំផុតមិនធ្លាប់មាន និងពោរពេញដោយភាពប្រថុយប្រថានខ្លាំងណាស់ នៅក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧។
នៅក្នុងការធ្វើអត្ថាធិប្បាយមួយរបស់កងកម្លាំងការពារជាតិ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានលើកឡើងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលបានស្តែងឲ្យមជ្ឈដ្ឋានសាធារណៈបានឃើញថា ការធ្វើសមយុទ្ធរួមគ្នារបស់សម្ព័ន្ធទាំងពីរនេះមានគោលដៅ ដើម្បីកម្ចាត់មេដឹកនាំកូរ៉េខាងជើង និងផ្តួលរំលំប្រព័ន្ធដឹកនាំនៃរដ្ឋកុម្មុយនិស្តមួយនេះ។
KCNA បានឲ្យដឹងថា សមយុទ្ធលើកនេះបានបកស្បែកមុខបង្កប់ដោយល្បិចកលរបស់ពួកគេ ដែលតែងតែបានអះអាងថា វាគ្រាន់តែជាការហ្វឹកហាត់ប្រចាំឆ្នាំដើម្បីការពារខ្លួនប៉ុណ្ណោះ។ «សមយុទ្ធយោធារួម Key Resolve និង Foal Eagle 17 បានលាតត្រដាងឲ្យឃើញយ៉ាងច្បាស់ថា រដ្ឋបាលអាមេរិកលោក ដូណាល់ ត្រាំ ក៏កំពុងតែប្រើប្រាស់គោលនយោបាយឈ្លានពាន ចំពោះកូរ៉េខាងជើង ដោយកម្លាំងយោធា មិនខុសពីរដ្ឋាភិបាលអាមេរិកពីមុនៗនោះឡើយ»។
គួរបញ្ជាក់ថា អាមេរិក និងកូរ៉េខាងត្បូង ទើបតែបានបិទបញ្ចប់ជាស្ថាពរនូវ សមយុទ្ធយោធារយៈពេលពីរខែនេះ ដែលមានការចូលរួមពីកងទ័ពប្រមាណ ៣០០,០០០នាក់។ ជាមួយគ្នានេះទីក្រុងវ៉ាស៊ីនតោន ក៏បានបញ្ជូនក្រុមនាវាដឹកយន្តហោះចម្បាំង USS Carl Vinson និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ មកកាន់ដែនទឹកក្បែរឧបទ្វីបកូរ៉េផងដែរ ក្រៅពីការធ្វើសមយុទ្ធទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនៅក្នុងប្រទេសកូរ៉េខាងត្បូងនាពេលថ្មីៗនេះ និងការធ្វើតេស្តមីស៊ីលផ្លោងកាលពីប៉ុន្មានសប្តាហ៍មុន៕