(ម៉ូស្គូ)៖ អតីតជំនួយការក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត របស់លោកស្រី ហ៊ីលឡារី គ្លីនតុន បានធ្វើការចោទប្រកាន់ប្រទេសរុស្ស៊ីថា ជាមេក្លោងនៅពីក្រោយខ្នងនៃការបែកធ្លាយទិន្នន័យ សារអេឡិចត្រូនិចទ្រង់ទ្រាយធំ នៃយុទ្ធនាការបោះឆ្នោតរបស់បេក្ខភាពប្រធានាធិបតីបារាំងដ៏មានប្រជាប្រិយភាព លោក Emmanuel Macron។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧។
សារអ៊ីម៉ែលរាប់ម៉ឺនរាប់សែនច្បាប់ ត្រូវបានគេលួចចូលយកតាមប្រព័ន្ធកុំព្យូទ័រ ចេញពីគណនីនៃក្រុមយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់លោក Macron ហើយយកទៅបង្ហោះនៅលើប្រព័ន្ធអ៊ីនធឺណែត នាយប់ថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងប្រទេសបារាំង)។ ជុំវិញបញ្ហានេះ ក្រុមយុទ្ធនាការបោះឆ្នោតបានបញ្ជាក់ថា ខ្លួនបានក្លាយជាគោលដៅនៃការវាយលុកទ្រង់ទ្រាយធំមួយតាមប្រព័ន្ធ IT ហើយការលេចធ្លាយទិន្នន័យនោះ ត្រូវបានស្រោបដោយឯកសារក្លែងក្លាយ ដើម្បីផ្សព្វផ្សាយរឿងភូទកុហក់ នៅមុនពេលបោះឆ្នោតនៅថ្ងៃអាទិត្យខាងមុខនេះ។
គួរបញ្ជាក់ថា សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក ក៏បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងម៉ូស្គូដែរថា បាន លួចរៀបចំផែនការ ដើម្បីធ្វើឲ្យបែកធ្លាយសារអ៊ីម៉ែលនៃយុទ្ធនាការបោះឆ្នោតរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ដើម្បីជួយលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក៕