(ម៉ូស្គូ)៖ សារព័ត៌មានរុស្ស៊ីបានចេញផ្សាយថា ជំនួយជាស្បៀងអាហារសរុប ០៤តោន ត្រូវបានផ្តល់ជូនប្រជាជនស៊ីរីរងគ្រោះនៅក្នុងតំបន់នានានៃទីក្រុង Aleppo និង Daraa។ នេះបើតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧។
បន្ថែមពីលើជំនួយខាងលើនេះ យន្តហោះដឹកជំនួយរុស្ស៊ីមួយចំនួន ក៏បានទម្លាក់ជំនួយពីលើអាកាសសរុប ២១តោន ដែលត្រូវបានផ្តល់ដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ ទៅលើទីក្រុង Deir ez-Zor ដែលត្រូវបានរឹបអូសផងដែរ។ នេះគឺជាការផ្តល់ជំនួយលើកដំបូងហើយរបស់រុស្ស៊ីទៅកាន់ស៊ីរី បន្ទាប់ពីមានការសម្រេច ឲ្យមានតំបន់ហោះហើរដោយសុវត្ថិភាពនៅស៊ីរី កាលពីពេលថ្មីៗនេះ។
កាលពីពេលថ្មីៗនេះប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងតួកគីបានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាមួយ ដើម្បីបង្កើតតំបន់សុវត្ថិភាពចំនួនបួនទីតាំង នៅក្នុងប្រទេសស៊ីរីហើយ ដែលការសម្រេចចិត្តនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសស្ដីពីវិបត្តិស៊ីរី ក្នុងទីក្រុងអាស្ដាណា ប្រទេសកាហ្សាក់ស្ថាន ហើយវាក៏បានទទួលគាំទ្រយ៉ាងខ្លាំងពី លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិផងដែរ។
គួរបញ្ជាក់ថា រុស្ស៊ី និងអ៊ីរ៉ង់ គំាទ្ររដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាស្សាដ រីឯតួកគីគាំទ្រក្រុមប្រឆាំងស៊ីរី ខណៈសង្រ្គាមរុំារ៉ៃក្នុងរយៈពេលជាង០៦ឆ្នាំមកនេះ បានផ្ដាច់យកអាយុជីវិតមនុស្សជិត ៣២០,០០០នាក់៕