(ការ៉ាកាស់)៖ អាជ្ញាធរវេណេស៊ុយអេឡាបានឲ្យដឹងថា នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) អ្នកតវ៉ាវ័យ២០ឆ្នាំម្នាក់ទៀតបានបាត់បង់ជីវិត បន្ទាប់ពីត្រូវគ្រាប់កាំភ្លើងចំក្បាល ដែលប្រការនេះបានធ្វើឲ្យចំនួនមនុស្សស្លាប់ ដោយសារតែការធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាល ដែលបានអូសបន្លាយអស់រយៈពេលជាងមួយខែមកហើយនេះ កើនឡើងដល់ ៣៧នាក់ ស្របពេលដែលក្រុមបក្សប្រឆាំង កំពុងរៀបចំការធ្វើបាតុកម្មជាបន្តបន្ទាប់ទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧។
យោងតាមស្ថិតិដែលទទួលបានពីការិយាល័យរដ្ឋអាជ្ញាវេណេស៊ុយអេឡា មនុស្សចំនួន ៧១៧នាក់ ទៀតបានរងរបួស និង ១៥២នាក់ ផ្សេងទៀតកំពុងបន្តជាប់ឃុំនៅឡើយ បន្ទាប់ពីការចាប់ខ្លួននាពេលកន្លងទៅនេះ ចំពោះក្រុមអ្នកតវ៉ាជាច្រើនរយនាក់ ដែលបានបង្កភាពចលាចល នៅទូទាំងប្រទេសអាមេរិកឡាទីនមួយនេះ។
គួរបញ្ជាក់ដែរថា យោងតាមខ្សែវិដេអូមួយ បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម ក្រុមបាតុកម្មបាននាំគ្នាបំផ្លិចបំផ្លាញរូបសំណាក នៃអតីតមេដឹកនាំឆ្វេងនិយមរបស់វេណេស៊ុយអេឡាគឺលោក Hugo Chavez (អតីតគ្រូដ៏មានឥទ្ធិពលលើប្រធានាធិបតីបច្ចុប្បន្ន) ដែលបានទទួលមរណភាពកាលពីឆ្នាំ២០១៣ ដោយសារតែជំងឺមហារីកថែមទៀតផង៕