(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក កំពុងរៀបចំកិច្ចសន្យាស្តីពីការជួលបន្ទប់ស្នាក់នៅឯកជនមួយកន្លែងនៅក្នុងអគារពាណិជ្ជកម្ម Trump Tower ទៅឲ្យការិយាល័យយោធានៃសេតវិមាន ដើម្បីប្រើប្រាស់ជាកន្លែងផ្ទុកលេខកូដសម្ងាត់នៃការបញ្ជាគ្រាប់នុយក្លេអ៊ែរ ក្នុងន័យជួយជ្រោមជ្រែងដល់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បើទោះបីជាលោកទៅដល់ទីណា ក៏អាចមានលទ្ធភាពត្រួតពិនិត្យ និងបញ្ជាវាបាន។ នេះបើតាមលិខិតមួយច្បាប់របស់មន្ទីរបញ្ចកោណ ដែលត្រូវបានដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧។
លិខិតខាងលើបានបានបកស្រាយថា ការិយាល័យយោធាប្រចាំសេតវិមាន ដែលជាអង្គភាពមួយរបស់ក្រសួងការពារជាតិអាមេរិកនោះ បានដាក់សំណើដើម្បីធ្វើការជួលបន្ទប់ នៅក្នុងអគារពាណិជ្ជកម្ម Trump Tower ដើម្បីបម្រើដល់កាតព្វកិច្ចផ្ទាល់ខ្លួន ក្នុងការជួយជ្រោមជ្រែងលោកប្រធានាធិបតី នៅពេលដែលលោកមកបំពេញការងារអគារនេះតែម្តង។ យ៉ាងណាមិញគេពុំបានដឹងអំពីតម្លៃនៃការជួលនេះ ឬក៏អត្តសញ្ញាណនៃអគារស្នាក់នៅនេះឡើយ។
ដោយឡែកសេតវិមាន កងអង្គរក្សការពារប្រធានាធិបតី និងក្រសួងការពារជាតិអាមេរិក ពុំបានធ្វើការអត្ថាធិប្បាយឲ្យដឹងថា តើការៀបចំចាត់ចែងលក្ខណៈស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងនៅតាមកន្លែងលំហែកាយញឹកញាប់របស់លោក ត្រាំ រួមមានដូចជា រមណីយដ្ឋាន Mar-a-Lago ក្នុងទីក្រុង Palm Beach នៃរដ្ឋផ្លូវរីដា និងក្លឹបវាយកូនហ្គោល Trump National ស្ថិតក្នុងទីក្រុង Bedminster នៃរដ្ឋ New Jersey ដែលសុទ្ធតែជាទីកន្លែងលោក ត្រាំ តែងតែចំណាយពេលវេលានាចុងសប្តាហ៍នៅទីនោះដែរ ឬយ៉ាងណានោះទេ។
គួរបញ្ជាក់ថា ការិយាល័យយោធាប្រចាំសេតវិមាន បានតួនាទីនាំយក និងមើលថែរក្សាការពារ «Football» ជាឧបរករណ៍ដ៏សំខាន់បំផុត មានផ្ទុកនូវលេខកូដសម្ងាត់ដែលប្រធានាធិបតីអាមេរិក ត្រូវការដើម្បីបញ្ជាការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ហើយក្រៅពីនេះអង្គភាពមួយនេះ ក៏មានបន្ទុកផ្តល់ជូនលោក ត្រាំ នូវប្រព័ន្ធទាក់ទងប្រកបដោយសុវត្ថិភាពខ្ពស់ នៅគ្រប់ទីកន្លែងដែលលោកធ្វើដំណើរទៅផងដែរ៕