(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងតែធ្វើការតាមដានយ៉ាងដិតដល់ ទៅលើកិច្ចសហការដ៏សម្ងាត់រវាងយោធាកូរ៉េខាងជើង និងអ៊ីរ៉ង់ ដោយសារតែប្រទេសអ៊ីរ៉ង់បានព្យាយាមធ្វើតេស្ត បាញ់គ្រាប់មីស៊ីលចេញពីនាវាមុជទឹកកាលពីដើមសប្តាហ៍នេះ ដែលអាចជាសញ្ញាបង្ហាញថា ទីក្រុងតេហេរ៉ង់ពិតជាទទួលបានការជួយគាំទ្រពីរដ្ឋណាមួយជាក់ជាមិនខាន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧។
ការបាញ់មីស៊ីលពីនាវាមុជទឹកខ្នាតមធ្យម កាលពីថ្ងៃអង្គារ ដែលប្រព្រឹត្តទៅដោយកងទ័ពជើងទឹកប្រទេសអ៊ីរ៉ង់ ត្រូវបានមន្ត្រីក្រសួងការពារជាតិអាមេរិកបង្ហាញភស្តុជាបឋមថា រដ្ឋអ៊ីស្លាមមួយនេះពិតបានលួចលាក់មានសម្ព័ន្ធភាពជាមួយនឹងកូរ៉េខាងជើងជាក់ជាមិនខាន ដោយសារតែនាវាមុជទឹកខាងលើនេះ គឺមានលក្ខណៈនៃការធ្វើប្រតិបត្តិការ និងផលិតចេញមក ទៅតាមអ្វីដែលកូរ៉េខាងជើងបានធ្វើរួចហើយ។
របាយការណ៍ដែលត្រូវបានចេញផ្សាយដោយ Fox News ខាងលើនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «នាវាមុជទឹកដែលប្រទេសអ៊ីរ៉ង់បានប្រើប្រាស់ គឺជាប្រភេទតែមួយនៃនាវាមុជទឹក ដែលបានបាញ់ពន្លិចនាវាចម្បាំងកូរ៉េខាងត្បូងកាលពីឆ្នាំ២០១០ ដែលបានសម្លាប់កងយោធា ៤៦នាក់»។ មន្ត្រីការពារជាតិអាមេរិកបានអះអាងថា ប្រទេសអ៊ីរ៉ង់បានព្យាយាមបាញ់គ្រាប់មីស៊ីល Jask-2 cruise ចេញពីនាវាមុជទឹកខាងលើនេះ ដែលវាជារឿងមិនអាចមើលរំលងបានថា មានជាប់ពាក់ព័ន្ធនឹងកូរ៉េខាងជើង ដូចដែលកាលពីដើមឆ្នាំ២០១៧នេះ អ៊ីរ៉ង់បានធ្វើតេស្តមីស៊ីលផ្លោង នោះក៏ដូចនឹងអ្វីដែលកូរ៉េខាងជើងបានផលិតផងដែរ៕