(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង តែងតែដើរតាមពីក្រោយស្រមោលរាល់ការបោះឆ្នោតទាំងអស់នៅរបស់កូរ៉េខាងត្បូង ក្នុងពេលកន្លងមក។ នៅពេលដែលមានប្រទេសដ៏ចចេសក្បាលរឹង និងមានអាវុធនុយក្លេអ៊ែរជាប្រទេសជិតខាងបែបហ្នឹងវាជាបញ្ហាដ៏លំបាកមួយ ប៉ុន្តែតាមរយៈវិធានការណ៍ថ្មីអាចចាត់ទុកថា ឆ្នាំ២០១៧នេះមិនមែនជារឿងធម្មតាឡើយដូចមុនទៀតឡើយ។
នៅថ្ងៃទី០៩ ខែឧសភាខាងមុខ ប្រទេស កូរ៉េខាងត្បូងនឹងធ្វើការជ្រើសរើសប្រធានាធិបតីថ្មី ដើម្បីជំនួសឱ្យលោកស្រី ប្រធានាធិបតីPark Geun-hye ដែលត្រូវបានគេដកពីដំណែងកាលពីខែមីនាកន្លងទៅនេះ ហើយបានរងការចោទប្រកាន់ពីបទស៊ីសំណូក និងបំពានលើអំណាចក្នុងនាមជាប្រធានាធិបតីកាលពីខែមុន។
ខណៈដែលប្រជាពលរដ្ឋកូរ៉េខាងត្បូង កំពុងពិចារណាក្នុងការជ្រើសរើសមេដឹកនាំថ្មី រដ្ឋាភិបាលក្រុង ព្យុងយ៉ាងត្រូវបានគេជឿថា កំពុងត្រៀមក្នុងការបាញ់សាកល្បងនុយក្លេអ៊ែរទីប្រាំមួយ និងបានបាញ់សាកល្បងគ្រាប់មីស៊ីលជាច្រើនធ ស្របពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានពិភាក្សាពីការចាប់ផ្តើមវាយប្រហារលើគូសត្រូវមុន ដែលបានបង្កក្តីបារម្ភថា សង្គ្រាមកូរ៉េលើកទីពីរអាចនឹងកើតឡើងជាថ្មី។
កន្លងមករដ្ឋាភិបាលលោកស្រី Park ធ្លាប់បានបង្ហាញគោលជំហរយ៉ាងដាច់ខាតរបស់ខ្លួនចំពោះប្រទេសកូរ៉េខាងជើង ប៉ុន្តែប្រសិនបើបេក្ខជនបក្សប្រជាធិបតេយ្យលោក Moon Jae-in ដែលទំនងជាជោគជ័យក្នុងការបោះឆ្នោតក្នុងថ្ងៃអង្គារ៍ខាងមុខ នោះគោលនយោបាយកូរ៉េខាងត្បូង ចំពោះរដ្ឋាភិបាលក្រុង ព្យុងយ៉ាងអាចនឹងមានការផ្លាស់ប្តូរ។
សូមជម្រាបថា ក្នុងអំឡុងនៃការបោះឆ្នោតលោក Moon បានបង្ហាញពីគោលនយោបាយបើកចំហចំពោះប្រទេស កូរ៉េខាងជើង ដែលអាចនឹងបង្កឱ្យមាន កិច្ចចរចាជាថ្មី និងកិច្ចសហប្រតិបត្តិការណ៍លើវិស័យសេដ្ឋកិច្ច យោធា និងវិធានការណ៍ការពារសន្តិសុខជាដើម។ «ខ្ញុំមានជំនឿថា ខ្ញុំអាចនឹងដឹកនាំកិច្ចចរចា ដែលមានភាគីច្រើនចូលរួម ដើម្បីឈានទៅរកចំណុចមួយដែលប្រទេសកូរ៉េខាងជើងបោះបង់ចោល កម្មវិធីនុយក្លេអ៊ែរទាំងស្រុងរបស់ខ្លួន ហើយធ្វើឱ្យទំនាក់ ទំនងរវាងកូរ៉េខាងត្បូង និងខាងជើងទៅកាន់សន្តិភាពកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក» នេះជាការលើកឡើងរបស់បេក្ខជនរូបនេះ ក្នុងកិច្ចចរចាកាលពីថ្ងៃទី២៥ ខែមេសាកន្លងទៅនេះ។
តើកូរ៉េខាងត្បូងអាចនឹងងាកទៅរកគោលនយោបាយ «ព្រះអាទិត្យរះ» ដូចមុនដែរឬទេ?
ក្នុងគោលនយោបាយ «ព្រះអាទិត្យរះ» ជាគោលនយោបាយរបស់កូរ៉េខាងត្បូង ធ្លាប់ប្រើប្រាស់កាលពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៨ ដែលមានរូបភាពដូចខាងក្រោម៖
* គោលនយោបាយនៃការភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយជាមួយកូរ៉េខាងជើង
* ប្រធានាធិបតីកូរ៉េខាងត្បូងពីររូបធ្វើដំណើរទៅកាន់រដ្ឋធានីព្យុងយ៉ាង
* ផ្តល់ឱ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Dae-jung នូវពានរង្វាន់ ណូបែលសន្តិភាព
* ការបាញ់សាកល្បងនុយក្លេអ៊ែរ និងមីស៊ីលមានចំនួនតិចតួចបំផុតក្នុងអំឡុងពេលនោះ
* ប៉ុន្តែមិនអាចបញ្ចប់កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងបានឡើយ។
* ការត្រួសត្រាយផ្លូវទៅរកសន្ធិសញ្ញាសន្តិភាព៖
ប្រជាប្រិយភាពរបស់លោក Moon អាចទទួលបានមកពីជំហរបស់លោកក្នុងការធ្វើកំណែទម្រង់ថ្មី និងការលុបបំបាត់អំពើពុករលួយ និងការផ្តោតទៅលើគោលជំហរបស់លោកចំពោះរដ្ឋាភិបាលក្រុង ព្យុងយ៉ាង។
លោក Moon បានលើកឡើងម្តងហើយម្តងទៀតថា កិច្ចចរចានឹងត្រូវតែកើតឡើង ដែលជាឧបករណ៍សម្រាប់ជម្រុញកូរ៉េខាងជើងក្នុងការបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ក្នុងអំឡុងនៃការធ្វើយុទ្ធនាការ លោក Moon បានត្រៀមរៀបចំនូវគោលនយោបាយជាច្រើន ដើម្បីខិតចូលទៅប្រទេសកូរ៉េខាងជើង ក្នុងនោះមានដូចជា ការពង្រីកកម្មវិធីកម្មវិធីយោធាការពារជាតិ ប៉ុន្តែក៏មានការបង្ហាញសញ្ញានៃការចុះសន្ធិសញ្ញាសន្តិភាពនៅឧបទ្វីបកូរ៉េ បន្ទាប់ពីបញ្ហានុយក្លេអ៊ែរត្រូវបានដោះស្រាយពេញលេញ និងចាប់ផ្តើមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងនោះមានវិស័យទេសចរណ៍ បង្កើតតំបន់ឧស្សាហកម្មរួម និងការផ្តល់ជំនួយជាដើម។
* ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក៖
លោក Moon បានរារាំងដល់បំណងរបស់លោកTrump ដែលចង់អង្គុយរួមតុចចាជាមួយលោក Kim ដោយប្រាប់ភ្នាក់ងារសារព័ត៌មាន Washington Post ថា លោកមិនបានគិតដូចអ្វីដែលមេដឹកនាំសហរដ្ឋអាមេរិកគិតនោះទេ ពាក់ព័ន្ធនឹងបញ្ហានេះ។ ចំណុចមួយ ដែលអាមេរិក និងកូរ៉េខាងជើងមិនអាច យល់ស្របគ្នាបាននោះគឺ ពាក់ព័ន្ធនឹងការដាក់ពង្រាយប្រព័ន្ធចាប់ស្ទាក់មីស៊ីល THAAD ក្នុងប្រទេស កូរ៉េខាងត្បូង។ ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងសេអ៊ូល បានប្រកាសថា ប្រព័ន្ធចាប់ស្ទាក់ THAAD កំពុងដំណើរការរៀបចំដាក់តម្លើងបណ្តើរហើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Moon បានសម្តែងការប្រឆាំងចំពោះការដាក់ពង្រាយប្រព័ន្ធចាប់ស្ទាក់នេះ ព្រមទាំងទាមទារថា បញ្ហានេះ គួរតែដាក់សម្រេចសារជាថ្មីដោយជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូងក្រោយ បន្ទាប់ពីការប្រឹក្សាជាមួយសាធារណជន និងការបោះឆ្នោតក្នុងសភាជាតិ។
លោក Breen បានលើកឡើងថា ការដាក់ពង្រាយនេះ ហាក់កំពុងដោះស្រាយបញ្ហា ប៉ុន្តែដំណើរការនេះបានបង្កក្តីបារម្ភជាខ្លាំងដល់ប្រជាពលរដ្ឋ មួយចំនួនក្នុងទីក្រុង សេអ៊ូល។ លោកបន្តថា«វាបានបង្កភាពមិនសប្បាយចិត្តដល់ប្រជាពលរដ្ឋដែលនៅទីនេះដោយសារពួកគេអាចនឹងរងគ្រោះ ដោយសារបញ្ហានេះ សហរដ្ឋអាមេរិកហាក់មិនគោរពចំពោះដែនអធិបតេយ្យភាពរបស់កូរ៉េខាងត្បូងទាល់តែសោះ»។
លោក Moon បានលើកឡើងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧កន្លងទៅនេះថា ប្រសិនបើកូរ៉េខាងជើងបាញ់សាកល្បងនុយក្លេអ៊ែរជាថ្មីទៀតរបស់ខ្លួន ហើយយោធាអាមេរិក ចង់ប្រើប្រាស់កម្លាំងយោធាជាការឆ្លើយតបនោះ ភាគីដំបូងបំផុតដែលត្រូវកោះហៅមិនមែនហៅកូរ៉េខាងជើងនោះទេ គឺរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោនតែម្តង ៕