(ឡុងដ៍)៖ រាល់ជើងហោះហើរចេញពីស្ថានីយ៍រង់ចាំ Terminal 3 របស់អាកាសយានដ្ឋាន Heathrow នៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ត្រូវបានផ្អាកអស់មួយរយៈពេលខ្លី ដោយសារតែបញ្ហាសន្តិសុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។
អ្នកតំណាងព្រលានយន្តហោះ Heathrow បានប្រាប់ឲ្យដឹងថា «គ្រប់ជើងហោះចាកចេញពីអាកាសយានដ្ឋាន ត្រូវបានផ្អាកអស់មួយរយៈពេលខ្លូន នៅស្ថានីយ៍រង់ចាំ Terminal 3 ពីព្រោះតែបញ្ហាសន្តិសុខ។ ពួកយើងសូមអភ័យទោសចំពោះបណ្តាអ្នកដំណើរទាំងឡាយណា ដែលបានទទួលរងផលប៉ះពាល់ដល់ការធ្វើដំណើររបស់ពួកគេ ក៏ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឹសន្តិសុខរួមទាំងសុវត្ថិភាពរបស់អ្នកដំណើរ និងមិត្តរួមការងាររបស់យើង»។
ស្របពេលជាមួយគ្នានោះប៉ូលិសប្រចាំទីក្រុងឡុងដ៍ បានឲ្យដឹងថាពួកគេកំពុងធ្វើការយ៉ាងមមាញឹកជាមួយអាកាសយានដ្ឋាន បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីវត្ថុគួរឲ្យសង្ស័យមួយ ត្រូវបានគេប្រទះឃើញដោយប្រព័ន្ធកាំរស្មីអ៊ិច សម្រាប់ត្រួតពិនិត្យលើវ៉ាលីអ្នកធ្វើដំណើរ។ យោងតាមសារព័ត៌មានអង់គ្លេស Daily Star បុរសម្នាក់ចង់ស្ទុះយកកាបូបរបស់ខ្លួន ហើយរត់ឆ្លងកាត់កម្លាំងសន្តិសុខ ក្រោយពេលដែលឥវ៉ាន់របស់ជនរូបនោះ ត្រូវបានទាញយកទៅត្រួតពិនិត្យមើលឲ្យបានល្អិតល្អន់បន្ថែមទៀត។ ក្រោយមកក្រុមមន្រ្តីប៉ូលិសប្រដាប់ដោយអាវុធ ក៏បានចុះឆែកឆេរលើគ្រប់យន្តហោះទាំងអស់ នៅ Terminal 3 ដែលគ្រោងនឹងចាកចេញពីអាកាសយានដ្ឋាន។
គួរបញ្ជាក់ថា មកទល់ពេលនេះ ស្ថានីយ៍ Terminal 3 របស់ព្រលានយន្តហោះ Heathrow នៃទីក្រុងឡុងដ៍ ត្រូវបានបើកឲ្យដំណើរការជាធម្មតាវិញហើយ៕