(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta Airlines បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះ ដើម្បីសុំទោសចំពោះការបង្ខិតបង្ខំគ្រួសារមួយក្រុម មានសមាជិកបួននាក់ ដែលរួមបញ្ចូលទាំងកូនក្មេងតូចៗពីរនាក់ផងដែរនោះ ឲ្យចុះចេញពីលើយន្តហោះ ដោយសារតែឪពុកម្តាយទាំងពីរនាក់ មិនព្រមលះបង់កន្លែងអង្គុយរបស់កូនតូចអាយុពីរខួបរបស់ពួកគេ ទៅតាមសំណើរបស់បុគ្គលិកអាកាសចរណ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅយប់ថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។
លោក Brian Schear រស់នៅទីក្រុង Hungtington Beach នៃរដ្ឋកាលីហ្វរញ៉ា បានបង្ហោះឃ្លីបវិដេអូមួយរយៈពេល០៨នាទីនៅលើគេហទំព័រ Youtube នាពេលថ្មីៗនេះ ដោយនិយាយថាក្រុមគ្រួសាររបស់លោក ត្រូវបានគេចាប់បង្ខំឲ្យចុះចេញពីលើយន្តហោះធ្វើដំណើរ នៅពេលដែលពួកគេបានបដិសេធ ចំពោះបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Delta ដែលបានស្នើឲ្យរូបលោកនិងភរិយា លះបង់កៅអីអង្គុយកូនប្រុសរបស់អ្នកទាំងពីរ ទៅឲ្យអ្នកដំណើរដែលកំពុងរង់ចាំម្នាក់ទៀត។ នៅក្នុងខ្សែវិដេអូនោះ បុគ្គលិករបស់ Delta Airlines ក៏បានព្រមានថានឹងបង្អាក់ជើងហោះហើរ និងថែមទាំងបានគំរាមចាប់ឪពុកម្តាយទាំងពីរដាក់គុកទៀតផង បើសិនជានៅតែមិនព្រមសហការទេនោះ។
គួរបញ្ជាក់ថា ជុំវិញការបណ្តេញអ្នកដំណើរចុះចេញពីលើយន្តហោះ ក្នុងអំឡុងជើងហោះហើរកក់លើសចំណុះនេះ ក្រៅពីក្រុមហ៊ុន Delta Airlines កាលពីពេលកន្លងទៅនេះអាកាសចរណ៍អាមេរិកមួយផ្សេងទៀតឈ្មោះថា United Airlines ក៏បានប្រឈមមុខជាមួយការខឹងសម្បារពីមហាជនផងដែរ នៅពេលដែលភ្នាក់ងារសន្តិសុខរបស់ខ្លួន បានចាប់អូសទាញអ្នកដំណើរវ័យ៦៩ឆ្នាំម្នាក់ ចេញពីក្នុងយន្តហោះ ដើម្បីទុកកន្លែងឲ្យក្រុមសហសេវិក៕