(ភ្នំពេញ)៖ នៅសល់តែប៉ុន្មានថ្ងៃប៉ុណ្ណោះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង ជុំវិញទី២ នឹងត្រូវធ្វើឡើងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។ ហើយមានបេក្ខជន២រូបប៉ុណ្ណោះដែលត្រូវប្រកួតប្រជែងគ្នា គឺលោក Macron និងលោកស្រី Le Pen ។
ខាងក្រោមនេះជាប្រវត្តិនៃបេក្ខជនទាំងពីររូប ដែលត្រូវប្រកួតប្រជែងគ្នា៖
A) * តើបេក្ខជនប្រធានាធិបតីបារាំង ដែលកំពុងនាំមុខ លោក Emmanuel Macron មានប្រវត្តិយ៉ាងណា?
១៖ ប្រវត្តិសង្ខេបនៃការងារ និងទីកន្លែងកំណើត
* ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦៖ រដ្ឋមន្ត្រីសេដ្ឋកិច្ច ឧស្សាហកម្ម និងកិច្ចការបច្ចេកវិទ្យា។
* លោក Macron កើតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៧៧(វ័យ៣៩ឆ្នាំ) នៅទីក្រុង Amiens ប្រទេសបារាំង។
* លោកបម្រើឲ្យបក្សនយោបាយ En Marche មានន័យថា វិវត្តន៍ទៅមុខ ដែលលោកជាប្រធានពីឆ្នាំ២០១៦ដល់បច្ចុប្បន្ន។
២៖ ប្រវត្តិនៃជីវិតពីកុមារភាព និងការសិក្សា
* កុមារា Emmanuel Jean- Michel Macron ជាកូនរបស់លោកស្រី Francoise ដែលជាគ្រូពេទ្យម្នាក់ និងលោក Jean-Michel Macron ដែលជាសាស្ត្រាចារ្យផ្នែកសសៃប្រសាទប្រចាំសកលវិទ្យាល័យ Picardy។ កុមាររូបនេះភាគច្រើនទទួលបានការអប់រំនៅក្នុងសាលា Jesuites de La ក្រោយមកឪពុកម្តាយរបស់លោកត្រូវបានបញ្ជូនទៅបញ្ចប់ការសិក្សានៅសាលា Elite high school Lycee Henri-IV ក្នុងទីក្រុងប៉ារីស។
* បន្ទាប់មកយុវជន Macron ក៏សិក្សាផ្នែកទស្សនៈវិទ្យានៅសកលវិទ្យាល័យ University of Paris-Ouest Nanterre La Défense។ Macron ក៏បន្តការសិក្សាថ្នាក់អនុបណ្ឌិតឯកទេសកិច្ចការសាធារណៈ និងទទួលការហ្វឹកហាត់ផ្នែកសេវាស៊ីវិលជាន់ខ្ពស់នៅសាលា École nationale d'administration ហើយបញ្ចប់ការសិក្សាក្នុងឆ្នាំ២០០៤។
៣៖ ប្រវត្តិស្នេហា និងជីវិតឯកជន
* លោក Macron បានរៀបការជាមួយនាង Brigitte Trogneux ក្នុងឆ្នាំ២០០៧ អ្វីដែលគួរចាប់អារម្មណ៍នោះគឺ កូនក្រមុំរបស់លោកមានវ័យចាស់ជាងលោករហូតដល់២៤ឆ្នាំ និងធ្លាប់ជាគ្រូបង្រៀនលោកផ្ទាល់នៅសាលា La Providence នៅក្នុងទីក្រុង Amien។ ពួកគេជួបគ្នាជាលើកដំបូង ខណៈដែលលោក ស្ថិតក្នុងវ័យ១៥ឆ្នាំនៅឡើយ ប៉ុន្តែទំនាក់ទំនងស្នេហា ឈានដល់ដំណាក់កាលជាផ្លូវការនៅពេលលោកស្ថិតក្នុងវ័យ១៨ឆ្នាំ។
* ការពិតឪពុកម្តាយរបស់លោក ដំបូងឡើយមានបំណងចង់បំបែកគូស្នេហ៍នេះ ដោយបញ្ជូនលោកទៅទីក្រុងប៉ារីស ដើម្បីបញ្ចប់ការសិក្សា ដោយសារពួកគេមានអារម្មណ៍ថា ការបង្កើតទំនាក់ទំនងនេះមិនសមរម្យទាល់តែសោះ។ យ៉ាងនេះក្តីគូស្នេហ៍មួយគូនេះ នៅតែតស៊ូ ដោយបានរស់នៅជាមួយគ្នាបន្ទាប់ពីលោកបញ្ចប់ការសិក្សា រហូតទីបំផុតលោកបានរៀបការក្នុងឆ្នាំ២០០៧។ ពួកគេរស់នៅជាមួយនឹងកូនបីនាក់ដែលជាកូនស្វាមីមុននៃភរិយាលោក។
៤៖ ប្រវត្តិការងាររដ្ឋ និងជីវិតនយោបាយ
* លោក Macron បានបម្រើការងារ ក្នុងនាមជាអ្នកអង្កេតការណ៍ហិរញ្ញវត្ថុក្រសួងសេដ្ឋកិច្ចបារាំង នៅរវាងឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨។ ក្នុងឆ្នាំ២០០៧ លោកបានបម្រើការងារជាអនុប្រធានធ្វើរបាយការណ៍សម្រាប់បេសកកម្មដើម្បីជម្រុញកំណើនសេដ្ឋកិច្ចបារាំងក្រោមការដឹកនាំរបស់ Jacques Attali។ បុរសរូបនេះ បានចំណាយប្រាក់៥០,០០០អឺរ៉ូ ដើម្បីទិញខ្លួនរបស់លោក ចេញពីការជាប់កិច្ចសន្យារដ្ឋាភិបាលក្នុងឆ្នាំ២០០៨ ដោយងាគទៅធ្វើអ្នកវិនិយោគធនាគារ ជាមួយនឹងតួនាទីដែលមានប្រាក់បៀវត្សរ៍ខ្ពស់ នៅRothschild & Cie Banque ។
* លើកឡើងពីការងារនយោបាយវិញ លោកបានក្លាយជាសមាជិកនៃបក្សសង្គមនិយមចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩។ រហូតដល់ឆ្នាំ២០១៥ លោកបានប្រកាសថា លោកមិនមែនជាសមាជិកបក្សណាមួយទៅទៀតឡើយ ដោយលោកជាបុគ្គលឯករាជ្យគ្មានបក្សនយោបាយ។ ក្នុងរវាងឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ លោកបានបម្រើការងារក្នុងតួនាទីខ្ពស់មួយ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Hollade។
* លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងគណរដ្ឋមន្ត្រីValls ទីពីរក្នុងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤។ ក្នុងនាមជារដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Macron លេចធ្លោដោយសារការជម្រុញ កំណែទម្រង់ពាណិជ្ចកម្មបែបមិត្តភាព។
៥៖ បច្ចុប្បន្នភាពនៃការឈរឈ្មោះបោះឆ្នោតប្រធានាធិបតីបារាំង ក្នុងឆ្នាំ២០១៧នេះ
* នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ លោក Macron បានលាលែងពីដំណែងរដ្ឋាភិបាល នៅមុនព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៧។ ដែលការលាលែងនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីលោកបានចាប់អារម្មណ៍ពីភាពរីកចម្រើនថ្មីរបស់លោក ក្នុងចលនានយោបាយសំដៅលើបក្ស En Marche ដែលជាបក្សនយោបាយឯករាជ្យ តែធ្លាប់រងការស្តីបន្ទោសពីសំណាក់ប្រធានាធិបតី Hollande។
* លោក Macron បានបង្កើតគណបក្សនេះឡើងនៅក្នុងទីក្រុង Amiens ដែលជាក្រុងកំណើតរបស់លោក។ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក Macron បានប្រកាសជាផ្លូវការអំពីការក្លាយជាបេក្ខជនប្រធានាធិបតីបារាំង បន្ទាប់ពីស្ទង់មតិយោបល់មនុស្សជាច្រើន។ ក្នុងសេចក្តីប្រកាសរបស់លោក Macron បានអំពាវនាវឱ្យមានការធ្វើបដិវត្តន៍ប្រជាធិបតេយ្យ ព្រមទាំងបានសន្យាថា នឹងរំដោះប្រទេសបារាំងចេញវិបត្តិឱ្យបាន។
* លោក Macron ត្រូវបានមតិមួយចំនួនចាត់ទុកថា លោកជាអ្នកសង្គមនិយមបែបសេរី ខណៈដែលមួយចំនួន ត្រូវបានមតិមួយចំនួនចាត់ទុកលោកជាអ្នកសង្គមនិយមតែបែបប្រជាធិបតេយ្យ។
* ក្នុងអំឡុងនៃពេលដែលលោកស្ថិតនៅក្នុងបក្សសង្គមនិយមបារាំង លោកបានគាំទ្រដល់បក្សស្តាំនិយម ដែលគោលជំហរនយោបាយរបស់បក្សនេះ តែតែងមានភ្ជាប់ជាមួយនឹងកម្មវិធីនយោបាយ Third Way ។
* ដោយសារលោក Macron ជាអ្នកបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច និងធ្លាប់បម្រើការងារលើវិស័យនេះ អស់ជាច្រើនឆ្នាំនោះ ឱ្យមជ្ឈដ្ឋានទូទៅរំពឹងថា ការជាប់ឆ្នោតរបស់លោក Macron អាចនឹងនាំមកនូវកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រែមុខមាត់ថ្មីសម្រាប់ប្រទេសបារាំង។
B) * តើលោកស្រី Marine Le Pen បេក្ខជនប្រធានាធិបតីបារាំង មានប្រវត្តិយ៉ាងណា?
១៖ ថ្ងៃខែឆ្នាំកំណើត ស្វាមី និងបច្ចុប្បន្នភាពខ្លះៗ
* លោកស្រីកើតនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៦៨ (វ័យ៤៨ឆ្នាំ) ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
* បក្សនយោបាយរបស់លោកស្រីគឺ National Front (ពីឆ្នាំ១៩៨៦ ដល់បច្ចុប្បន្ន)។
* លោកស្រីធ្លាប់មានស្វាមីបីនាក់ គឺលោក Franck Chauffroy (រៀបការឆ្នាំ១៩៩៥ លែងលះឆ្នាំ២០០០)។ លោកEric Lorio (រៀបការឆ្នាំ២០០២ ដល់ឆ្នាំ២០០៦) និងលោក Ericlorio (រៀបការឆ្នាំ២០០៩ ដល់បច្ចុប្បន្ន)។
* លោកស្រីមានកូនបីនាក់។
* ជាមេដឹកនាំបក្ស National Front ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។
* ជាសមាជិកសភាសហភាពអឺរ៉ុប ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៩ ដល់បច្ចុប្បន្ន។
* ជាសមាជិកក្រុមប្រឹក្សាតំបន់ ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១០ ដល់បច្ចុប្បន្ន។
* ជាសមាជិកក្រុមប្រឹក្សាក្រុង ពីថ្ងៃទី២៣ មីនា ២០០៨ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១។
២៖ ជីវិតពីកុមារភាព
* កុមារី Marine Le Pen កើតនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៦៨ ក្នុងប្រទេសបារាំង។ នាងជាកូនពៅក្នុងចំណោមបងប្អូនស្រីបីនាក់ ព្រមទាំងត្រូវជាកូនរបស់លោក Jean Marie Le Pen ជាអ្នកនយោបាយ ជាមេដឹកនាំបក្សNational Front និងអតីតជាទាហានប៉ារ៉ាម្នាក់ និងលោកស្រី Pierrette Lalanne។
* ក្នុងឆ្នាំ១៩៧៦ ខណៈដែលកុមារី Marine ស្ថិតក្នុងវ័យ០៨ឆ្នាំនៅឡើយ នាងបានរួចផុតជីវិតពីការវាយប្រហារដោយគ្រាប់បែក ទៅលើគ្រួសារទាំងមូលខណៈពួកគេកំពុងគេង។ យ៉ាងនេះក្តីគ្រួសារទាំងមូលមិនរងគ្រោះឡើយ។ កុមារីរូបនេះមិនអាចទទួលភាពកក់ក្តៅពីគ្រួសារឡើយ បន្ទាប់ពីឪពុកម្តាយរបស់នាងបានលែងលះគ្នា ក្នុងឆ្នាំ១៩៨៧។
៣៖ ប្រវត្តិនៃការសិក្សា
* ពីតូចកុមារី Marine បានសិក្សានៅសាលា Florent Schmitt នៅទីក្រុងSaint-Cloud។ លុះធំដឹងក្តី នាងបានសិក្សានៅសកលវិទ្យាល័យ Pantheon-Assas ព្រមទាំងបញ្ចប់ថ្នាក់អនុបណ្ឌិតឯកទេសច្បាស់ក្នុងឆ្នាំ១៩៩១ និងបញ្ចប់ផ្នែកច្បាប់ឧក្រិដ្ឋកម្មក្នុងឆ្នាំ១៩៩២។
* នាងបានចំណាយពេលអស់រយៈពេល០៦ឆ្នាំ (ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៨) ដើម្បីធ្វើជាមេធាវី។ នៅក្នុងប្រទេសបារាំងមិនខុសពីប្រទេសផ្សេងទៀតមួយចំនួនឡើយ ដែលមានគោលការណ៍មួយ គឺនៅពេលដែលចុងចោទគ្មានលទ្ធភាពជួលមេធាវីនោះ មេធាវីម្នាក់នឹងត្រូវបានគេជ្រើសរើស ដើម្បីជួយការពារចុងចោទដោយឥតគិតថ្លៃ ហើយនាង Marine តែងតែជួយបំពេញកាតព្វកិច្ចនេះផងដែរ។
៤៖ ជីវិតឯកជន
* អ្នកនាង Le Pen បានបញ្ចប់ជីវិតជាយុវវ័យ ដោយបានរៀបការជាមួយប្រតិបត្តិករពាណិជ្ចកម្មម្នាក់ គឺលោក Franck Chauffroy ក្នុងឆ្នាំ១៩៩៥ ដែលក្នុងពេលនោះ កូនកម្លោះរបស់នាងក៏ធ្វើការក្នុងបក្ស National Front ផងដែរ។ ក្រោយមកអ្នកស្រី Le Pen បានលែងលះស្វាមីទីមួយក្នុងឆ្នាំ២០០០ ដោយរៀបការសាជាថ្មីក្នុងឆ្នាំ២០០២ ជាមួយលោក Eric Lorio អតីតរដ្ឋលេខាធិការជាតិនៃបក្ស National Front ហើយអ្នកទំាងពីរបានលែងលះគ្នាក្នុងឆ្នាំ២០០៦។
* ដល់ឆ្នាំ២០០៩ លោកស្រីក៏មានទំនាក់ទំនងជាមួយលោក Louis Aliot។ លោកជាអគ្គលេខាធិការបក្ស National Front ចាប់ពីឆ្នាំ២០០៥ដល់ឆ្នាំ២០១០។ លោកស្រីបានចំណាយពេលស្ទើរពេញមួយជីវិតក្នុងទីក្រុង Saint-Cloud ជាមួយនឹងកូនស្រីបីនាក់។ លោកស្រីមានអគារស្នាក់នៅក្នុង Henin-Beaumon។
* រងចាំរហូតដល់ឆ្នាំ២០១០ ទើបលោកស្រីបានទិញលំនៅដ្ឋានមួយរស់នៅជាមួយស្វាមីក្រោយ គឺលោក Aliot នៅMillas។
៥៖ ជីវិតការងារ
* Le Pen បានប្រឡូកចូលក្នុងកិច្ចការបក្ស National Front ក្នុងឆ្នាំ១៩៨៦ ដោយមានឪពុកនាងធ្លាប់ជាមេដឹកនាំបក្សនេះផ្ទាល់។ លោកស្រីត្រូវបានគេបោះឆ្នោតធ្វើជាទីប្រឹក្សាតំបន់ក្នុងឆ្នាំ១៩៩៨ នឹងបន្តកាន់ដំណែងដល់បច្ចុប្បន្ន និងជាសមាជិកសភាអឺរ៉ុបពីឆ្នាំ២០០៤ដល់បច្ចុប្បន្ន។ ក្រោយមកក៏ក្លាយជាទីប្រឹក្សាក្រុង ចាប់ពីឆ្នាំ២០០៨ដល់ឆ្នាំ២០១១។
* លោកស្រីបានជាប់ឆ្នោតក្លាយជាមេដឹកនំាបក្សនេះបន្តពីឪពុក ក្នុងឆ្នាំ២០១១ ជាមួយនឹងសំឡេងគាំទ្រ ៦៧.៦៥ភាគរយ។ លោកស្រី បានជាប់លំដាប់ថ្នាក់ទីបី ក្នុងការប្រកួតប្រជែងបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១២ ដោយសំឡេងគាំទ្រត្រឹមតែ ១៧,៩០ភាគរយ ទាបជាងគូប្រជែងរបស់លោកស្រីពីររូបផ្សេងទៀត គឺលោក Francois Hollande និងលោក Nicolas Sarkozy។
* លោកស្រីបានឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតី ជាលើកទីពីរក្នុងឆ្នាំ២០១៧នេះ។ លោកស្រីបានជាប់ជាមួយនឹងគូប្រជែងគឺលោក Emmanuel Macron ក្នុងជុំទីមួយ ហើយរង់ចាំការបោះឆ្នោតជុំទីពីរដែលនឹងប្រព្រឹត្តទៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១០៧ខាងមុខ។
៦៖ រឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍
* ក្នុងនាមជាអ្នកនយោបាយម្នាក់ លោកស្រីត្រូវបានគេចាត់ទុកថា ជាអ្នកនយោបាយដែលមានលក្ខណៈប្រជាធិបតេយ្យ និងសាធារណរដ្ឋជាងឪពុកជាតិនិយមរបស់លោកស្រី។
* អ្វីគួរចាប់អារម្មណ៍ ស្រី្តដែលក្រាសក្រែលដោយបទពិសោធន៍នយោបាយរូបនេះ ធ្លាប់បណ្តេញឪពុកនាងចេញពីបក្សនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកបានធ្វើសេចក្តីថ្លែងការណ៍ ដែលបង្ហាញការវិវាទជាមួយលោកស្រីដែលជាមេដឹកនាំបក្សម្នាក់។
៧៖ ការគាំទ្រសាធារណៈមតិនានា និងឥទ្ធិពលនយោបាយ
* លោកស្រីក៏ធ្លាប់បានប្រើប្រាស់ពេលវេលាខ្លះ ទៅលើអង្គការសហភាពស៊ីវិល ដែលធ្វើការដើម្បីការពារដល់ក្រុមគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា ដែលវាមានលក្ខណៈផ្ទុយពីគោលការណ៍ចាស់បក្សកាលពីមុន ដែលធ្លាប់ប្រឆាំងមិនទទួលស្គាល់ភាពស្របច្បាប់ នៃការស្រឡាញ់ភេទដូចគ្នា។
* មិនតែប៉ុណ្ណោះលោកស្រីថែមទាំងបានយល់ព្រមដោយឥតលក្ខខណ្ឌ ទៅលើការរំលូតកូន និងលុបចោលទោសប្រហារជីវិតផងដែរ។
* ស្ត្រីរូបនេះត្រូវបានជាប់ចំណាប់ថ្នាក់ ក្នុងនាមជាមនុស្សមានឥទ្ធិពលបំផុតក្នុងឆ្នាំ២០១១ និងឆ្នាំ២០១៥ ដោយទស្សនាវដ្តី Time 100។
* ជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៦ លោកស្រីត្រូវបានជាប់ចំណាច់ថ្នាក់ជាបុគ្គលដ៏មានឥទ្ធិពលទីពីរក្នុងនាមជាសមាជិកសភាអឺរ៉ុប បន្ទាប់ពីប្រធានសភាអឺរ៉ុប លោក Martin៕