(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃសុក្រនេះបានចោទប្រកាន់ចំៗតែម្ដងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA និងទីភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូងបាន និងកំពុងផ្សំគំនិតគ្នាព្យាយាមលួចធ្វើឃាតមេដឹកនាំកំពូល លោក គីម ជុងអ៊ុន តាមរយៈការប្រើប្រាស់សារធាតុគីមីពុល។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។
យោងតាម KCNA ក្រសួងសន្តិសុខកូរ៉េខាងជើងបានអះអាងថា ក្រុមភេរវករដែលគាំទ្រ ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA និងកូរ៉េខាងត្បូងបានចូលមកក្នុងទឹកដីកូរ៉េខាងជើង ដើម្បីរៀបចំ និងអនុវត្តន៍សកម្មភាពវាយប្រហារដោយភេរវកម្ម ក្នុងគោលដៅធ្វើឃាតមេដឹកនាំកំពូល លោក គីម ជុងអ៊ុន ដោយប្រើប្រាស់សារធាតុគីមីពុល។
ក្រសួងសន្តិសុខកូរ៉េខាងជើង បានបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងរកឱ្យឃើញ ហើយកម្ទេចមិនឱ្យសល់ក្រុមភេរវកររបស់ CIA អាមេរិក និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង ដែលមានគោលបំណងធ្វើឃាតមេដឹកនាំកំពូលរបស់ពួកយើង»។
គួរបញ្ជាក់ថា បើតាម KCNA កូរ៉េខាងជើងបានព្រមានថា ខ្លួននឹងដាក់ចេញនូវប្រតិបត្តិការប្រឆាំងភេរវកម្ម ដើម្បីប្រឆាំងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA រួមទំាងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង៕