(ម៉ូស្គូ)៖ យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ រយៈចំងាយឆ្ងាយធុន Tu-95MS របស់រុស្ស៊ី បានហោះហើរពីលើតំបន់មហាសមុទ្រប៉ាស៊ីហ្វិក តាមបណ្ដាកោះ Aleutian កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។
ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងយ៉ាងដូច្នេះថា «កាលពីថ្ងៃទី០៤ ខែឧសភាយន្ដហោះ Tu-95MS អមដំណើរដោយយន្ដហោះចម្បាំង Su-35S បានអនុវត្តន៍ការហោះហើរពីលើ តំបន់ដែនទឹករបស់រុស្ស៊ី នៃមហាសមុទ្រប៉ាស៊ីហ្វិក ស្ថិតនៅតាមបណ្ដោយកោះ Aleutian ហើយដែលការហោះហើរនេះគឺធ្វើ ឡើងអនុឡោមតាមច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងការប្រើប្រាស់ដែនអាកាសហោះហើរ ពីលើតំបន់ដែនទឹកអព្យាក្រឹត ដោយគ្មានបានរំលោភលើព្រំដែន របស់ប្រទេសណាមួយនោះទេ»។ ទោះបីជាយ៉ាងណា ទីក្រុងម៉ូស្គូមិនបានបញ្ជាក់លម្អិតពីការហោះហើរនេះថា វាធ្វើឡើងនៅក្នុងក្របខណ្ឌសមយុទ្ធយោធា ឬមានចេតនាអ្វីឱ្យប្រាកដនោះឡើយ។
គួរបញ្ជាក់ថា យន្ដហោះធុន Tu-95MS គឺជាប្រភេទយន្ដហោះទម្លាក់គ្រាប់បែក ដែលធ្វើកំណែប្រែចេញពីយន្ដហោះធុន Tu-95 ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ១៩៥៦ ហើយTu-95MS បានធ្វើសកម្មភាពជាលើកដំបូងបំផុត តាមរយៈការវាយប្រហារនៅក្នុងប្រទេសស៊ីរី កាលពីខែវិច្ឆិកា ឆ្នាំ២០១៥៕