(ប៉េកាំង)៖ ទីបំផុតយន្តហោះដឹកអ្នកដំណើរ C919 ដែលចិនផលិតដោយផ្ទាល់ដៃ បានធ្វើការហោះហើរនៅលើផ្ទៃអាកាសជាលើកដំបូងដោយជោគជ័យ បន្ទាប់ពីត្រូវបានអូសបន្លាយអស់រយៈពេលយ៉ាងយូរមក ហើយវាគឺជាការបោះជំហានដ៏ធំមួយសម្រាប់ទីក្រុងប៉េកាំង ស្របពេលដែលមហាយក្សនៅតំបន់អាស៊ីនេះ កំពុងព្យាយាមបង្កើនកេរ្តិ៍ឈ្មោះនៅក្នុងទីផ្សារអាកាសចរណ៍ពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។
យន្តហោះដឹកអ្នកដំណើរ C919 ដែលជាស្នាដៃផលិតឡើងដោយផ្ទាល់របស់ក្រុមហ៊ុនរដ្ឋឈ្មោះថា សហគ្រាសផលិតយន្តហោះពាណិជ្ជកម្មនៃប្រទេសចិន (COMAC) នៅទីបំផុតបានធ្វើដំណើរចាកចេញឆ្ពោះទៅកាន់ផ្ទៃអាកាស នៅឯអាកាសយានដ្ឋានអន្តរជាតិ Shanghai Pudong នៅតំបន់ឆ្នេរភាគខាងកើតចិន បន្ទាប់ពីបានឆ្លងកាត់ការធ្វើតេស្តគ្រប់ទម្រង់ព្រមទាំងត្រូវបានទទួលស្គាល់ដោយស្ថាប័នសុវត្ថិភាពផ្លូវអាកាសអន្តរជាតិនោះ។
គួរបញ្ជាក់ថា C919 មានសមត្ថភាពផ្ទុកអ្នកដំណើរពី ១៥៦នាក់ ទៅ ១៦៨នាក់ ដែលចិនប្តេជ្ញាថា នឹងធ្វើការប្រកួតប្រជែងជាមួយយន្តហោះ Boeing 737 និង Airbus A320 ដែលកំពុងតែពេញនិយមបំផុតលើលោក នាពេលបច្ចុប្បន្ន។ មួយវិញទៀតក្រុមហ៊ុន COMAC បានអះអាងថា ខ្លួនទទួលបានការកក់យន្តហោះប្រភេទ C919 នេះចំនួន៥៧០គ្រឿងហើយពីក្រុមហ៊ុនចំនួន ២៣ ហើយសម្រាប់តម្លៃនោះ គឺមួយគ្រឿងខ្ទង់ ៥០លានដុល្លារអាមេរិក ថោកជាងប្រភេទដូចគ្នារបស់ក្រុមហ៊ុន Boeing និង Airbus រហូតដល់ទៅ ៣០ភាគរយ។ សម្រាប់ក្រុមហ៊ុនដែលយក C919 មកបម្រើអតិថិជនដំបូងវិញនោះគឺ អាកាសចរណ៍ភាគខាងកើតចិន China Easter Airlines៕