(វ៉ាស៊ីនតោន)៖ យោងតាមសេចក្តីរាយការណ៍នាពេលថ្មីៗនេះ កូរ៉េខាងជើងកំពុងតែធ្វើការសាងសង់កោះសិប្បនិម្មិតចំនួនបីនៅលើផ្ទៃសមុទ្រលឿង ដើម្បីបម្រើគោលបំណងនៃការបង្កើតមូលដ្ឋានយោធា សម្រាប់ការបាញ់មីស៊ីលផ្លោង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។
សារព័ត៌មានអាមេរិក The Los Angeles Times ទើបទទួលបានរូបភាពពីប្រព័ន្ធផ្កាយរណប ដែលបង្ហាញថា ចាប់តាំងពីឆ្នាំ២០១២មក យ៉ាងហោចណាស់កោះចំនួនបីកន្លែងត្រូវបានសាងសង់ឡើងជាមួយសំណង់អគារ ផ្លូវថ្នល់ និងតំរុយសំខាន់ៗផ្សេងទៀតនៃមូលដ្ឋានយោធា។
យ៉ាងណាមិញជុំវិញសេចក្តីរាយការណ៍នេះ លោក Ryan Barenklau នាយកក្រុមស៊ើបការណ៍ Strategic Sentinel បានឲ្យដឹងថា «យើងពុំអាចផ្តល់សេចក្តីថែ្លងការណ៍ជាក់លាក់ណាមួយ ស្តីពីវត្ថុបំណងនៃការប្រើប្រាស់ របស់កោះទាំងនេះបាននោះឡើយ ក៏ប៉ុន្តែពួកវាទំនងជានឹងត្រូវប្រើសម្រាប់វិស័យយោធា»។ បន្ថែមពីនេះលោក Barenklau ក៏បានលើកឡើងដែរថា កោះចំនួនបីនេះក៏អាចនឹងត្រូវប្រើប្រាស់ ជាទីតាំងបាញ់មីស៊ីលផងដែរ។
ដោយឡែកមានមតិមួយចំនួនអះអាងថា របបដឹកនាំទីក្រុងព្យុងយ៉ាង ប្រហែលជាបានរៀនសូត្រតាមសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតតែមួយគត់របស់ខ្លួន នោះគឺទីក្រុងប៉េកាំង ដែលបាននិងកំពុងទទួលរងការចោទប្រកាន់ ពីការតំឡើងមូលដ្ឋានយោធានៅលើបណ្តាកោះសិប្បនិម្មិត ដែលចិនបានកសាងឡើងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង៕