(ម៉ានីល)៖ ប្រទេសហ្វីលីពីនបានឲ្យដឹងថា ខ្លួននឹងជជែកដេញដោលជាមួយអង្គការសហប្រជាជាតិអំពីករណីដែលមន្រ្តីឃ្លាំមើលសិទ្ធិមនុស្សជាន់ខ្ពស់មួយរូបរបស់ UN មិនបានជូនដំណឹងដល់រដ្ឋាភិបាលទីក្រុងម៉ានីលជាមុន អំពីដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់ទីនេះនាថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។
លោកស្រី Agnes Callamard បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកលើការសម្លាប់ មនុស្សក្រៅប្រព័ន្ធតុលាការ បានធ្វើការថ្លែងសុន្ទរកថា នៅឯវេទិកានយោបាយមួយក្នុងរដ្ឋធានីម៉ានីល នាថ្ងៃសុក្រនេះ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនខុសច្បាប់។
គួរបញ្ជាក់ថា លោកស្រី Callamard ដែលតែងតែបានផ្តោតសំខាន់ទៅលើយុទ្ធនាការបង្រ្កាបគ្រឿងញៀនដោយបង្ហូរឈាមនៅក្នុងប្រទេសនៃតំបន់អាស៊ីគ្នេយ៍មួយនេះ ពុំមែនកំពុងបំពេញទស្សនកិច្ចនៅហ្វីលីពីនក្នុងនាមជាមន្រ្តីតំណាងឲ្យ UN ឡើយ។ យ៉ាងណាមិញកាលពីខែកញ្ញា ឆ្នាំ២០១៦ រដ្ឋាភិបាលទីក្រុងម៉ានីល ក៏បានធ្វើការអញ្ជើញលោកស្រី Callamard ជាផ្លូវការផងដែរ ក៏ប៉ុន្តែលោកស្រីមិនបានឆ្លើយតបនោះទេ៕