(ប៉េកាំង)៖ ប្រទេសចិនត្រូវបានគេមើលឃើញថា កំពុងតែរៀបចំសមយុទ្ធដែនអាកាសរបស់ខ្លួន ឲ្យដូចជារឿងពិតៗ និងប្រើប្រាស់រូបមន្តសម្ងាត់ ដើម្បីត្រៀមខ្លួនក្នុងការបញ្ចេញប្រតិបត្តិការភ្លាមៗ ក្នុងករណីបន្ទាន់ណាមួយ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។
ប្រទេសចិនក៏ត្រូវបានប្រទេសក្នុងតំបន់មើលឃើញដែរថា កំពុងតែបង្កើនសាច់ដុំយោធារបស់ខ្លួនកាន់តែខ្លាំង តាមរយៈការបង្កើនសកម្មភាពធ្វើសមយុទ្ធ និងការបង្អួតសព្វាវុធថ្មីៗ ដូចដែលមហាយក្សនេះបានប្តេជ្ញាថា នឹងធ្វើកំណែទម្រង់យោធារបស់ខ្លួន ដោយដកហូតសព្វាវុធចាស់ៗហួសសម័យបោះចោល រួចបំពាក់មកវិញនូវសព្វាវុធទំនើបៗថ្មីៗ ដែលដើរទាន់សម័យកាលនៃការប្រកួតប្រជែងសព្វាវុធ លើពិភពលោកនេះ។
សម្រាប់ការធ្វើសមយុទ្ធដែនអាកាសខាងលើនេះ ត្រូវបានគេមើលឃើញថា ជាការបង្ហាញពីផលប្រយោជន៍ និងសមត្ថភាពរបស់ចិនលើសមុន ដែលបានមកពីការធ្វើទំនើបកម្មវិស័យយោធា ដូចជាការហោះហើរយន្តហោះចម្បាំងប្រភេទថ្មី និងប្រព័ន្ធរារាំងការតាមដានសម្ងាត់ជាដើម។ ប្រទេសចិនបានអះអាងថា ការធ្វើសមយុទ្ធរបស់ខ្លួនកាន់តែលំបាក និងប្រកបដោយភាពប្រាកដនិយមជាងមុនខ្លាំងផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នស្ថានការណ៍នៅក្នុងតំបន់អាស៊ីបូព៌ាកំពុងតែតានតឹង ក្នុងនោះយើងអាចផ្តោតទៅលើឧបទ្វីបកូរ៉េ និងសមុទ្រចិនខាងត្បូងជាសំខាន់ ដែលទាំងអស់នេះសុទ្ធសឹងតែពាក់ព័ន្ធនឹងប្រទេសចិន ហើយចិនក៏គ្មានជម្រើសអ្វី ក្រៅពីការបង្កើនសមត្ថភាពគ្រប់យ៉ាងរបស់ខ្លួន ដើម្បីទប់ទល់នឹងស្ថានការណ៍ដ៏ពិបាកដោះស្រាយទាំងនោះដែរ៕