(វ៉ាស៊ីនតោន)៖ អង្គជំនុំជម្រះនៃរដ្ឋធានីវ៉ាស៊ីនតោនបានផ្តន្ទាទោស ស្រ្តីជាសកម្មជនម្នាក់ពីបទប្រព្រឹត្តទង្វើខុសឆ្គងមិនសមរម្យនៅក្នុងវិមានកាពីតូល បន្ទាប់ពីលោកស្រីបានសើចចំអកនៅក្នុងឱកាសសម្រេចទទួលស្គាល់លោក Jeff Sessions ជាអគ្គរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ហើយលោកស្រីទំនងជាអាចនឹងត្រូវជាប់ពន្ធនាគាររយៈពេលយ៉ាងតិច ១២ខែ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។
លោកស្រី Desiree Fairooz វ័យ៦១ឆ្នាំ រួមជាមួយសមាជិកដទៃទៀតនៃចលនាប្រឆាំងតវ៉ា Code Pink បានបង្ហាញវត្តមាននៅក្នុងការឱកាស នៃការសម្រេចទទួលស្គាល់លោក Jeff Sessions កាលពីខែមករាកន្លងទៅនេះ ហើយស្របពេលដែលពិធីកំពុងតែប្រព្រឹត្តទៅលោកស្រី Fairooz ក៏បានផ្ទុះសំណើចដោយពុំដឹងខ្លូន នៅពេលព្រឹទ្ធសមាជិកលោក Richard Shelby បានធ្វើការកោតសើរស្ញប់ស្ញែង លោក Sessions ដោយពាក្យសម្តីយ៉ាងដូច្នេះថា «លោក Jeff Sessions មានប្រវត្តិយ៉ាងល្អឥតខ្ចោះ ជុំវិញការអនុវត្តន៍ច្បាប់ដោយស្មើភាព ទៅលើជនរួមជាតិអាមេរិក»។
គួរបញ្ជាក់ថា ភ្លាមៗនោះលោកស្រី Desiree Fairooz ត្រូវបានមន្រ្តីប៉ូលិសសណ្តាប់ធ្នាប់នៅក្នុងវិមានកាពីតូល នាំខ្លួនចេញជាបន្ទាន់ ហើយក្រោយមកទៀតក៏ត្រូវបានគេសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការ ដែលអាចធ្វើការផ្តន្ទាទោសលោកស្រី និងអ្នកតវ៉ាពីរនាក់ផ្សេងទៀត ដាក់ពន្ធនាគាររហូតដល់១២ខែឯណោះ៕