(សេអ៊ូល)៖ យោងតាមការបង្ហាញនៅលើគេហទំព័ររបស់ UN វិស័យនាំចេញធ្យូងថ្មរបស់ ប្រទេសកូរ៉េខាងជើង បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីខែមីនាកន្លងទៅនេះ ធៀបទៅនឹងបរិមាណសរុបកាលពីមករា និងកុម្ភៈស្របពេលដែលអង្គការពិភពលោកមួយនេះ កំពុងព្យាយាមខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។
នៅក្រោមសេចក្តីសម្រេច ដែលត្រូវបានដាក់ចេញដោយក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ កាលពីឆ្នាំមុនឆ្លើយតបចំពោះ ការធ្វើតេស្តអាវុធនុយក្លេអ៊ែរលើកទី០៥ របស់កូរ៉េខាងជើង បណ្តាប្រទេសជាសមាជិកត្រូវបានស្នើឲ្យរាយការណ៍ ដល់គណកម្មាធិការទណ្ឌកម្ម UN អំពីបរិមាណ និងការចំណាយលើការនាំចូលធ្យូងថ្ម ពីរដ្ឋកុម្មុយនិស្តមួយនេះ។
គួរបញ្ជាក់ថា ចំណាត់ការនាពេលនោះត្រូវបានធ្វើឡើង ក្នុងគោលបំណងបង្កភាពរាំងស្ទះ ដល់ការជួញដូរធ្យូងថ្មរបស់កូរ៉េខាងជើង ដែលជាប្រភពចម្បងនៃការហូរចូលរូបិយប័ណ្ណ សម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង។ ទោះបីជាមានទណ្ឌកម្មជាច្រើនព័ទ្ធជុំវិញខ្លួនក៏ដោយ ក៏កូរ៉េខាងជើងហាក់តែអាចរក្សាបានស្ថិរភាពដដែល ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ខណៈបណ្តាប្រទេសសម្ព័ន្ធមិត្តអាមេរិក កំពុងតែរិះរកវិធីដាក់ទណ្ឌកម្មថ្មីៗទៀតទៅលើកូរ៉េខាងជើង ដើម្បីឆ្លើយតបនឹងការបាញ់មីស៊ីលខុសច្បាប់ និងគំរោងធ្វើតេស្តនុយក្លេអ៊ែរ៕