(កាហ្សាក់ស្ថាន)៖ ប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងតួកគីបានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាមួយ ដើម្បីបង្កើតតំបន់សុវត្ថិភាពចំនួនបួនទីតាំង នៅក្នុងប្រទេសស៊ីរីហើយ ដែលការសម្រេចចិត្តនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសស្ដីពីវិបត្តិស៊ីរី ក្នុងទីក្រុងអាស្ដាណា ប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយវាក៏បានទទួលគាំទ្រយ៉ាងខ្លាំងពី លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិផងដែរ។ នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Kairat Abdrakhmanov ចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។
លោក Kairat Abdrakhmanov បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «បណ្ដារដ្ឋដែលធានាបទឈប់បាញ់ (រុស្ស៊ី អ៊ីរ៉ង់ និងតួកគី) បានសម្រេចចិត្តបង្កើតតំបន់សុវត្ថិភាពក្នុងប្រទេសស៊ីរី ដើម្បីបញ្ឈប់អំពើហិង្សា លើកកម្ពស់ស្ថានភាពមនុស្សធម៌-សិទ្ធិមនុស្ស និងបង្កើតលក្ខខណ្ឌសមស្របសំដៅ ជំរុញដំណើរការ និងនយោបាយផ្សះផ្សាជម្លោះនៅស៊ីរី»។
លោក Kairat បញ្ជាក់ទៀតថា តំបន់សុវត្ថិភាពទំាង០៤នេះ នឹងត្រូវបង្កើតឡើងនៅក្នុងខេត្ត Idlib, ទីក្រុង Homs, ភាគខាងកើត និងខាងត្បូងទីក្រុង Ghouta ជាទីដែលការវាយប្រយុទ្ធគ្នារវាងកងកម្លំាងរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំងស៊ីរីត្រូវបញ្ឈប់។ ចំណែកឯបេសកជនពិសេស UN សម្រាប់ស៊ីរី លោក Staffan de Mistura និងរដ្ឋាភិបាលស៊ីរីក៏បានសាទរផងដែរ ចំពោះគំរោងបង្កើតតំបន់ សុវត្ថិភាពនេះ ក៏ប៉ុន្តែក្រុមប្រឆាំងស៊ីរីបានប្រកាសថា ពួកគេនឹងមិនទទួលស្គាល់គំរោងនេះឡើយ ត្បិតពួកគេយល់ថា វាជាការគំរាមកំហែងដល់បូរណភាពទឹកដីស៊ីរី។
គួរបញ្ជាក់ថា រុស្ស៊ី និងអ៊ីរ៉ង់ គំាទ្ររដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាស្សាដ រីឯតួកគីគាំទ្រក្រុមប្រឆាំងស៊ីរី ខណៈសង្រ្គាមរុំារ៉ៃក្នុងរយៈពេលជាង០៦ឆ្នាំមកនេះ បានផ្ដាច់យកអាយុជីវិតមនុស្សជិត ៣២០,០០០នាក់៕