(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបំពេញដំណើរទស្សនកិច្ចទៅកាន់ដែនកោះជួរមុខចំនួនពីរ ដែលស្ថិតនៅភាគនិរតីកូរ៉េខាងជើងទល់មុខនឹងកូរ៉េខាងត្បូង ដោយលោកថែមទាំងបានអះអាងថា ប្រទេសកូរ៉េខាងជើងកំពុងតែរៀបចំផែនការ ក្នុងការវាយប្រហារកូរ៉េខាងត្បូងហើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មានរដ្ឋព្យុងយ៉ាង នាព្រឹកថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។
លោក គីម ជុងអ៊ុន បានបំពេញទស្សនកិច្ចនៅកោះ Jangjae និង Mu ដែលកងទ័ពកូរ៉េខាងជើងកំពុងឈរជើង និងស្ថិតនៅមិនឆ្ងាយពីកោះ Yeongpyeong របស់កូរ៉េខាងត្បូង ដែលបានទទួលរងការវាយប្រហារដោយកាំភ្លើងធំរបស់កូរ៉េខាងជើង កាលពីចុងឆ្នាំ២០១០ ប៉ុន្មាននោះឡើយ។ កូរ៉េខាងជើងបានវាយប្រហារកោះ Yeongpyeong ដោយគ្មាននរណានឹកស្មានដល់កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានសម្លាប់ជនស៊ីវិល និងទាហានកូរ៉េខាងត្បូងសរុប ០៤នាក់ ដែលវាត្រូវបានចាត់ទុកជាការវាយប្រហារដោយកាំភ្លើងលើកដំបូងបំផុត ចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣។
គួរបញ្ជាក់តាមសារព័ត៌មានរដ្ឋកូរ៉េខាងជើងថា លោក គីម ជុងអ៊ុន បានចេញបញ្ជាឲ្យកងទ័ពនៅខ្សែត្រៀមជួរមុខលើកោះទាំងពីរខាងលើនេះ ធ្វើការកំណត់មុខសញ្ញាទៅលើកោះរបស់កូរ៉េខាងត្បូងឲ្យបានជាប់លាប់ ហើយកម្លាំងប្រយុទ្ធត្រូវតែត្រៀមជានិច្ច ដើម្បីទប់ទល់នឹងសត្រូវ។ ការថ្លែងរបស់លោក គីម បានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានទទួលព័ត៌មានថា មានការចល័តទ័ពនៅតាមព្រំដែនកូរ៉េខាងត្បូង ហើយមេដឹកនាំវ័យក្មេងរូបនេះ ក៏គ្រោងដាក់ពង្រាយកាំភ្លើងធំ និងជើងទម្របាញ់គ្រាប់រ៉ុក្កែតលើកោះទាំងពីរនោះដែរ៕