(វ៉ាស៊ីនតោន)៖ ជាមួយការប្តេជ្ញាយ៉ាងមុតមាំថា នឹងបន្តដាក់សម្ពាធផ្នែកសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងបន្ថែមទៀត ទៅលើកូរ៉េខាងជើង សភាតំណាងរាស្រ្តអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបោះឆ្នោតគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ទណ្ឌកម្មថ្មីទៅលើទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Japan Times នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។
ក្រុមអ្នកតំណាងរាស្រ្តបានគាំទ្រការអនុម័តវិធានការខាងលើនេះ នៅក្នុងសំឡេង ៤១៩សំឡេងទល់នឹង០១សំឡេង ស្របពេលដែលភាពតានតឹងនៅតែបន្តកើនឡើង ជុំវិញការរីកចម្រើនទៅមុខនៃកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ប្រទេសកូរ៉េខាងជើង។ យ៉ាងណាមិញវិធានការស្តីពីការដាក់ទណ្ឌបន្ថែមថ្មី ដែលមានគោលដៅលើវិស័យឧស្សហកម្មដឹកជញ្ជូន និងការកេងចំណេញ ក៏ដូចជាជិះជាន់លើកម្លាំងពលកម្មប្រជាពលរដ្ឋនោះ នឹងត្រូវឆ្លងកាត់ការសម្រេចព្រឹទ្ធសភាមួយដំណាក់កាលទៀត។
គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលនេះសភាអាមេរិកក៏បានអនុម័តលើច្បាប់ថ្មីមួយដែលនឹងលុប ហើយជំនួសច្បាប់សុខាភិបាល Obamacare របស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដោយច្បាប់សុខាភិបាលថ្មីរបស់ លោក ដូណាល់ ត្រាំ ផងដែរ៕