(ការ៉ាកាស)៖ មេដឹកនាំក្រុមចលនានិស្សិតម្នាក់ ក្នុងប្រទេសវេណេស៊ុយអេឡា ត្រូវបានគេបាញ់សម្លាប់នៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងតំបន់អាមេរិកឡាទីន) នៅក្នុងអំឡុងពិធីជួបជុំមួយ នៅឯសកលវិទ្យាល័យរបស់ខ្លួន ដែលធ្វើឡើងក្រោមក្របខណ្ឌនៃបាតុកម្មតវ៉ារបស់ក្រុមនិស្សិត ប្រឆាំងនឹងប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) ព្រមទំាងគំរោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មី។ នេះបើតាមសម្តីរដ្ឋអាជ្ញាវេណេសុយអេឡា ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។
យោងតាមប្រភពដដែល មេដឹកនាំក្រុមនិស្សិតវេណេស៊ុយអេឡា លោក ហូសេ ឡូប៉េស ម៉ាន់ហារ៉េស (Jose Lopez Manjares) អាយុ៣៣ឆ្នាំ បានចូលរួមនៅក្នុងពិធីជួបជុំក្រុមនិស្សិតនៅឯភាគខាងជើងនៃរដ្ឋ Anzoate។ ក៏ប៉ុន្តែក្នុងពេលនោះដែរ បុរសម្មាក់ស្រាប់តែដើរទៅជិត ហើយក៏ទាញកាំភ្លើងបាញ់ស្រោចជាច្រើនគ្រាប់លើរូបលោក បណ្ដាលឱ្យលោកស្លាប់នៅនឹងកន្លែង រីឯមនុស្ស០៣នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ មុននឹងរូបគេរត់គេចខ្លួនបាត់តាមម៉ូតូមួយគ្រឿង។
ដោយឡែកជុំវិញបញ្ហាបាតុកម្មតវ៉ា រាប់ចាប់តាំងពីខែមេសាមក ចំនួនអ្នកស្លាប់នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សា រវាងក្រុមបាតុករ និងអាជ្ញាធរបាន កើនឡើងដល់៣៦នាក់ហើយ ខណៈក្រុមបណ្ដាប្រទេសអាមេរិកឡាទីនចំនួន០៨ មានអាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី កូស្ដារីកា ក្វាតេម៉ាឡា ហុងដូរ៉ាស់ ម៉ិចស៊ីកូ និងប៉ារ៉ាហ្កាយ បានចេញមុខថ្កោលទោស ក៏ដូចជាជំរុញឱ្យរដ្ឋភិបាល លោក នីកូឡាស់ ម៉ាឌូរ៉ូ គោរពសិទ្ធិរបស់ប្រជាជនខ្លួន៕