(បាងកក)៖ ទាយាទស្នងតំណែងកេរ្តិ៍មរតក នៃក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង Red Bull ជាជនដែលអាជ្ញាធរតាមស្វែងរកចាប់ខ្លួននៅក្នុងប្រទេសថៃ ជុំវិញសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ បុកមនុស្សស្លាប់ហើយរត់គេចខ្លួនដ៏រន្ធត់កាលពីឆ្នាំ២០១២នោះ បានចាកចេញពីប្រទេសសិង្ហបុរី ក្រោយពីបានបន្សល់ទុកយន្តហោះធ្វើដំណើរផ្ទាល់ខ្លួនចោល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។
យោងតាមសមត្ថកិច្ចថៃលោក Vorayuth Yoovidhya ហៅ Boss ស្ថិតក្នុងវ័យ៣១ឆ្នាំ បានធ្វើដំណើរចាកចេញពីប្រទេសកំណើតរបស់ខ្លួនមកកាន់សិង្ហបុរី កាលពីថ្ងៃទី២៥ ខែមេសាកន្លងទៅនេះ ពោលគឺរយៈពេលចំនួនពីរថ្ងៃ មុនលោកត្រូវបានបង្គាប់ឲ្យចូលខ្លួននៅចំពោះមុខព្រះរាជអាជ្ញាធរ ដើម្បីទទួលពាក្យបណ្តឹងជាផ្លូវការ។
ប៉ូលិសថៃបានឲ្យដឹងទៀតថា លោក Vorayuth បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី តាមយន្តហោះឯកជន និងបានស្នាក់នៅទីនោះអស់រយៈពេលពីរថ្ងៃ ដោយនៅថ្ងៃទី២៧ ខែមេសា លោក Vorayuth បានចាកចេញពីសិង្ហបុរី ខណៈយន្តហោះផ្ទាល់ខ្លួនរបស់លោកនៅទីនោះដដែល។
កាលពីថ្ងៃសុក្រសប្តាហ៍មុននេះតុលាការប្រទេសថៃ បានសម្រេចចេញដីកាចាប់ខ្លួនលោក Vorayuth ហើយ កម្លាំងសមត្ថកិច្ចក៏បានស្នើដល់ ក្រសួងការបរទេសថៃឲ្យដកហូតសុពលភាព នៃលិខិតឆ្លងដែនរបស់លោក Vorayuyth ផងដែរ។ លោក Vorayuth Yoovidhya បានរងការចោទប្រកាន់ ពីបទបើកបរលើសល្បឿនកំណត់, បើកបុកហើយរត់គេចខ្លួន និងបើកបរគ្មានការប្រុងប្រយ័ត្ន ដែលបានបណ្តាលឲ្យមន្រ្តីប៉ូលិសម្នាក់ បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីឆ្នាំ២០១២ នៅពេលដែលរថយន្តទំនើប Ferrari របស់លោក Vorayuth បានទៅបុកមន្រ្តីប៉ូលិសរូបនោះដែលកំពុងជិះនៅលើម៉ូតូ ក្នុងទីក្រុងបាងកក ហើយបានជិះរត់គេចខ្លួន ដោយអូសជនរងគ្រោះកកិតនឹងថ្នល់អស់ជាច្រើនម៉ែត្រ៕