(វ៉ាស៊ីនតោន)៖ នៅក្នុងដំណើរបំពេញទស្សនកិច្ច នៅឯក្រៅប្រទេសជាលើកដំបូង របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នាចុងខែឧសភា នេះ នឹងរួមបញ្ចូលការធ្វើទស្សនកិច្ចនៅបុរីវ៉ាទីកង់, អ៊ីស្រាអែល, និងព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត។ នេះបើតាមការឲ្យដឹងពីមន្រ្តីប្រចាំ នៅសេតវិមាន ដែលត្រូវបានដកស្រង់ដោយស្ថានីយ៍ទូរទស្សន៍ CNN នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។
គោលដៅថ្មីខាងលើនេះ គឺជាការបន្ថែមទៅលើការចូលរួមកិច្ចប្រជុំអង្គការ NATO របស់លោក ដូណាល់ ត្រាំ នៅក្នុងទីក្រុងព្រុចសែល នៃប្រទេសប៊ែលហ្សិក នាថ្ងៃទី២៥ ខែឧសភា និងកិច្ចប្រជុំ G7 នៅឯប្រទេសអ៊ីតាលីនាថ្ងៃទី២៦ ខែដដែល។ គិតមកទល់ពេលនេះលោក ត្រាំ បានដាក់បន្ទុកនៃការបំពេញ ទស្សនកិច្ច នៅក្រៅប្រទេស ទៅលើទីប្រឹក្សាក៏ដូចជា មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់របស់លោក រួមមានទាំងអនុប្រធានាធិបតីអាមេរិកលោក Mike Pence, ទីប្រឹក្សាសន្តិសុខជាតិលោក H.R. McMaster, រដ្ឋមន្រ្តីការបរទេសលោក Rex Tillerson, និងរដ្ឋមន្រ្តីការពារជាតិលោក James Mattis។
យោងតាមទីប្រឹក្សាជាន់ខ្ពស់របស់លោកប្រធានាធិបតីអាមេរិក ទោះបីជាចាប់តាំងពីពេលឡើងកាន់អំណាចមកលោក ដូណាល់ ត្រាំ ពុំបានធ្វើដំណើរទៅ បំពេញទស្សនកិច្ចនៅឯក្រៅប្រទេសយ៉ាងណាក្តី ពួកគេបានទទូចថាលោក ត្រាំ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើការសម្រេចកិច្ច ព្រមព្រៀងជាមួយមេដឹកនាំបរទេស ដើម្បីកសាងពិភពលោកដែលពោរពេញដោយសន្តិភាព និងសុខសុវត្ថិភាពជាងមុន ដោយបានចង្អុលបង្ហាញអំពីការ មកបំពេញទស្សនកិច្ចនាពេលថ្មីៗនេះ របស់មេដឹកមួយចំនួននៃបណ្តាប្រទេសជុំវិញពិភពលោក រួមមានទាំងប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abass ថែមទៀតផងនោះ ថាជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា លោក ត្រាំ បានជះឥទ្ធិពលទៅលើកិច្ចការក្រៅប្រទេសពីក្នុងសេតវិមាន៕