(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង។ ចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះសូមទស្សនាដូចខាងក្រោម៖
១៖ កងទ័ពឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ បានបាញ់សាកល្បង និងទទួលជោគជ័យយ៉ាងធំធេង លើមីស៊ីលផ្លោងប្រភេទ Agni-II ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ គ្រាប់មីស៊ីលនេះត្រូវបានបាញ់ចេញពីកោះ Wheeler នៃតំបន់ឆ្នេរនៃរដ្ឋ Odisha៕
២៖ ទីក្រុងប៉េកាំង បាននិយាយថា ខ្លួននៅតែចង់ធ្វើជាអ្នកជិតខាងល្អជាមួយទីក្រុងព្យុងយ៉ាង។ ការលើកឡើងបែបនេះធ្វើឡើង បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន រដ្ឋកូរ៉េខាងជើង KCNA បានរិះគន់ដោយផ្ទាល់ និងកម្របំផុតលើទីក្រុងប៉េកាំង សម្រាប់ការចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងខ្លួន។ ប៉ុន្តែ ដើម្បីទប់ទល់ជាមួយសហរដ្ឋអាមេរិក គេពិបាកនឹងរំពឹងទុកណាស់ថា ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តយូអង្វែងទំាងពីរនេះ ត្រូវរង្គោះរង្គើរ៕
៣៖ អង្គម្ចាស់ Philip ដែលជាព្រះស្វាមី របស់ម្ចាស់ក្សត្រីអង់គ្លេស Elizabeth II បានសម្រេចព្រះទ័យចូលនិវត្តន៍ ពីព្រះរាជកិច្ច នៅរដូវស្លឹកឈើជ្រុះនៅក្នុង ឆ្នាំ២០១៧នេះ ខណៈទ្រង់នឹងត្រូវប្រារព្ធពិធីចំរើនព្រះជន្មគំរប់៩៦ព្រះវស្សានៅថ្ងៃទី១០ ខែមិថុនា ខាងមុខនេះ។ ការសម្រេចព្រះទ័យនេះ កើតឡើងក្រោយ លេចលឺព័ត៌មានថាទ្រង់មានបញ្ហាព្រះរាជសុខភាព៕
៤៖ យន្តហោះដឹកអ្នកដំណើរធុនមធ្យម C919 របស់ក្រុមហ៊ុន COMAC ក្នុងទីក្រុងសៀងហៃ ប្រទេសចិន នឹងត្រូវដាក់ឲ្យដំណើរការជាផ្លូវការលើកដំបូង នៅថ្ងៃ ទី០៥ ខែឧសភាខាងមុខនេះ បន្ទាប់ពីបានឆ្លងកាត់ការធ្វើតេស្តហោះហើរគ្រប់ទម្រង់ ព្រមទាំងត្រូវបានទទួលស្គាល់ដោយស្ថាប័ន សុវត្ថិភាពផ្លូវអាកាស អន្តរជាតិនោះ។
៥៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Hwang Kyo-ahn បានចេញបញ្ជាឲ្យមន្ត្រីជាន់ខ្ពស់ដែលពាក់ព័ន្ធ ធ្វើការបង្កើនសន្តិសុខរបស់ប្រទេសជាតិនៅអំឡុង យុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ចំពោះមុខការគំរាមកំហែងសន្តិសុខដោយកូរ៉េខាងជើងឥតឈប់ឈរ។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កូរ៉េខាងត្បូង នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអង្គារ សប្ដាហ៍ក្រោយនេះ៕
៦៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់៣៥នាក់ បានស្លាប់ និងប្រមាណ៥០នាក់រងរបួស នៅក្នុង ហេតុការណ៍ផ្ទុះអណ្ដូងរ៉ែ Zemestanyurt ស្ថិតនៅភាគឦសាននៃខេត្ត Golestan ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធម្សិលមិញ៕