(ឡុងដ៏)៖ ព្រះអង្គម្ចាស់ Philip ដែលជាព្រះស្វាមីរបស់ម្ចាស់ក្សត្រីអង់គ្លេស Elizabeth ទីពីរបានសម្រេចព្រះទ័យចូលនិវត្តន៍ហើយ នៅរដូវស្លឹកឈើជ្រុះនៅក្នុងឆ្នាំ២០១៧នេះ ខណៈទ្រង់នឹងត្រូវប្រារព្ធពិធីចំរើនព្រះជន្មគំរប់ ៩៦ព្រះវស្សា នៅថ្ងៃទី១០ ខែមិថុនាខាងមុខនេះ។ នេះបើតាមប្រភពពីព្រះបរមរាជវាំង Buckingham ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។
ព្រះបរមរាជវាំង Buckingham នៅក្នុងសេចក្ដីថ្លែងការណ៍មួយបានបញ្ជាក់ដូច្នេះថា «ព្រះអង្គម្ចាស់ Philip បានសម្រេចព្រះទ័យចូលនិវត្តន៍ ដោយទ្រង់នឹងមិនដឹកនាំរាជកិច្ចជាសាធារណៈទៀតនោះទេ ចាប់ពីរដូវស្លឹកឈើជ្រុះក្នុងឆ្នាំនេះតទៅ តែទ្រង់បានសម្ដែងការគាំទ្រទំាងស្រុងចំពោះម្ចាស់ក្សត្រី Elizabeth ទីពីរ ក្នុងការបំពេញរាជកិច្ចបន្ត បើទោះជាមានព្រះជន្ម ៩២ព្រះវស្សា ទៅហើយក៏ដោយ»។
គួរបបញ្ជាក់ថា មូលហេតុជាក់លាក់នៃការសម្រេចព្រះទ័យបែបនេះ ពុំទាន់ត្រូវបានគេឱ្យដឹងឡើយ ក៏ប៉ុន្តែវាកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការលេចលឺព័ត៌មានថា ក្រុមមន្ត្រីព្រះបរមរាជវាំងទាំងអស់ ត្រូវបានកោះប្រជុំជាបន្ទាន់នៅឯ Buckingham ពាក់ព័ន្ធនឹងពាក្យចចាមអារាមជាច្រើន នៅលើបណ្ដាញទំនាក់ទំនងសង្គមថា ព្រះអង្គម្ចាស់ក្សត្រី Elizabeth ទីពីរ និងព្រះអង្គម្ចាស់ Philip មានបញ្ហាព្រះរាជសុខភាព តែព័ត៌មាននេះត្រូវបានខាងព្រះបរមរាជវាំងអង់គ្លេសច្រានចោល៕