(ប៉េកាំង)៖ ទីក្រុងប៉េកាំងបាននិយាយថា ខ្លួននៅតែចង់ធ្វើជាអ្នកជិតខាងល្អជាមួយទីក្រុងព្យុងយ៉ាង ហើយដែលការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរិះគន់ដោយផ្ទាល់ និងកម្របំផុតលើទីក្រុងប៉េកាំង សម្រាប់ការចូលរួមជាមួយសហរដ្ឋអាមេរិកក្នុង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។
ជុំវិញបញ្ហានេះ គឺសហរដ្ឋអាមេរិកបានជំរុញចិនម្ដងហើយម្ដងទៀត ឱ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ទប់ស្កាត់សកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង ប៉ុន្តែព្រមពេលជាមួយគ្នាទីក្រុងវ៉ាស៊ីនតោន បានដាក់ឱ្យដំណើរការប្រព័ន្ធខែលការពារមីស៊ីល THAAD និងដាក់ពង្រាយនាវាចម្បាំង រួមទំាងនាវាផ្ទុកយន្ដហោះ USS Carl Vinson នៅកូរ៉េខាងត្បូង ហើយ ដែលនេះអាចជាមូលហេតុជំរុញឱ្យទីក្រុងប៉េកាំង បង្ខំចិត្តព្រមានដាក់ទណ្ឌកម្មឯកតោភាគីប្រឆាំងទីក្រុងព្យុងយ៉ាង បើសិនជានៅតែមានះធ្វើតេស្ដ អាវុធនុយក្លេអ៊ែរសាជាថ្មីនោះ។
ទោះជាបីជាយ៉ាងនេះក្ដី ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គោលជំហររបស់ចិន ទាក់ទិននឹងការអភិវឌ្ឍចំណងមិត្តភាព ក្នុងនាមជាអ្នកជិតខាងល្អជាមួយកូរ៉េខាងជើង នៅតែដដែល និងមានភាពច្បាស់លាស់ (...) ក៏ប៉ុន្តែទីក្រុងប៉េកាំងក៏នៅតែរក្សាផងដែរ នូវគោលជំហរគ្មានអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ក៏ដូចជាថែរក្សាសន្តិភាព និងសន្តិសុខ ព្រមទំាងដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈកិច្ចចរចា»។
គួររំលឹកថា កាលពីខែកុម្ភៈកន្លងទៅ ទីក្រុងព្យុងយ៉ាងក៏បានរិះគន់ទីក្រុងប៉េកាំងផងដែរ ចំពោះការសម្រេចចិត្តផ្អាកការនាំចូលធ្យូងថ្មពីកូរ៉េខាងជើង ដោយចាត់ទុកថា ទង្វើនេះគឺជាការធ្វើតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ និងថែមទាំងរិះគន់ថា ចិនជាមិត្តដែលមិនស្មោះត្រង់ទៀតផង។ ប៉ុន្តែផ្អែកលើផលប្រយោជន៍រួម ទំាងកូរ៉េខាងជើង និងចិនសុទ្ធតែដឹងយ៉ាងច្បាស់រៀងៗខ្លួនថា ពួកគេមិនអាចខ្វះនរណាម្នាក់បានឡើយ បើចង់ទប់ស្កាត់ឥទ្ធិពលអាមេរិកនៅក្នុងតំបន់៕