(ម៉ូស៊ូល)៖ កងទ័រដ្ឋាភិបាលអ៊ីរ៉ាក់ ដែលកំពុងប្រយុទ្ធតទល់យ៉ាងស្វិតស្វាញ ជាមួយក្រុមសកម្មប្រយុទ្ធ ISIS នៅពេលនេះបានចាប់ផ្តើមបន្តការសម្រុកទៅមុខជាថ្មីម្តងទៀត នៅតំបន់ចុងភាគពាយ័ព្យ នៃមូលដ្ឋានស្នូលរបស់ក្រុម ISIS ដែលស្ថិតនៅប៉ែកខាងលិចទីក្រុងម៉ូស៊ូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។
យោងតាមប្រភពពីយោធាប្រទេសអ៊ីរ៉ាក់ កងកម្លាំងប្រតិកម្មពិសេសនៃប៉ូលិសសហព័ន្ធ និងកងទ័ពជើងគោកអ៊ីរ៉ាក់ នាវេលាម៉ោង៦៖០០ទីនាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងទីក្រុងម៉ូស៊ូល) បានរុលចូលទៅកាន់តំបន់ Mushairfah, Kanisah, និង Harmat ដែលស្ថិតនៅចុងភាគពាយ័ព្យនៃប៉ែកខាងលិចរបស់ទីក្រុងម៉ូស៊ូល និងបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាមួយក្រុមសកម្មប្រយុទ្ធ ISIS នៅក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងផុតទៅនេះ។
គួរបញ្ជាក់ថា ការបោះជំហានថ្មីនេះ នឹងជួយដល់កងកម្លាំងពិសេស នៃទីភ្នាក់ងារបង្រ្កាបភេរវកម្ម និងប៉ូលិសសហព័ន្ធរបស់ក្រសួងមហាផ្ទៃ ដែលកំពុងតែជួបភាពរាំងស្ទះនៅផ្នែកភាគខាងត្បូង នៃតំបន់ភាគខាងលិចទីក្រុងម៉ូស៊ូល ដោយសារតែចលនាប្រឆាំងយ៉ាងខ្លាំងក្លារបស់ក្រុម ISIS នៅតាមតំបន់ទីប្រជុំជន ជាទីដែលប្រជាជនប្រមាណ ៤០០,០០០នាក់ ត្រូវគេបានជឿជាក់ថា នៅតែបន្តជាប់ខ្លួននៅក្រោមការគ្រប់គ្រងរបស់ ISIS៕