(ញូដេលី)៖ កងទ័ពឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ បានបាញ់សាកល្បង និងទទួលជោគជ័យធំធេងលើមីស៊ីលផ្លោងប្រភេទ Agni-II ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយគ្រាប់មីស៊ីលនេះត្រូវបានបាញ់ចេញពីកោះ wheelerនៃតំបន់ឆ្នេរនៃរដ្ឋ Odisha។ នេះបើតាមការផ្សាយនៃវិទ្យុ All India Radio (AIR) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។
យោងតាមវិទ្យុ All India Radio មីស៊ីល Agni-II បានវាយប្រហារចំគោលដៅ នៅចម្ងាយដល់ទៅជាង ២,០០០គីឡូមែត្រ ដែលនេះគឺបង្ហាញពីភាពកាន់តែរីកចំរើនទៅមុខ នៃប្រព័ន្ធអភិវឌ្ឍន៍សព្វាវុធរបស់មហាយក្សឥណ្ឌា ក៏ដូចជាសមត្ថភាពមីស៊ីលរយៈចំងាយមធ្យម ដែលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងវាយប្រហារលើគោលដៅរបស់សត្រូវ ទំាងនៅលើដី និងនៅលើផ្ទៃទឹក។
គួរបញ្ជាក់ថា គ្រាប់មីស៊ីល Agni-II អាចនាំក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់ ១,០០០គីឡូក្រាម និងត្រូវបានអភិវឌ្ឍន៍ដោយអង្គភាពស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យការពារជាតិឥណ្ឌា។ ការបាញ់នេះបានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងយោធានៃប្រទេសឥណ្ឌា បានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលជាប្រភេទ Cruise Missile មានឈ្មោះថា Brahmos ដោយជោគជ័យ ដែលជាជំនាន់ថ្មីបំផុតទើបតែត្រូវបានបង្កើនសមត្ថភាព យ៉ាងទំនើបលើសមុនៗ៕