(អាមេរិក)៖ យោងតាមទីភ្នាក់ងារអវកាស NASA បានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្រ បានប៉ាន់ស្មានឃើញថា មានទីវាលលំហធូលីប្រវែងប្រហែល ២,០០០គីឡូម៉ែត្រ ស្ថិតនៅចន្លោះរវាងភពសៅរ៍ និងខ្សែក្រវ៉ាត់ដុំថ្មរបស់វា។ ដោយឡែកការប៉ាន់ស្មាននេះ ត្រូវបានពឹងផ្អែកទៅលើទិន្នន័យ ដែលទទួលបានពីយានអវកាស Cassini នៅក្នុងអំឡុងពេលបេសសកម្មមុជទៅក្នុងចន្លោះទំនេររវាងភពសៅរ៍ និងខ្សែក្រវ៉ាត់របស់វាជាលើកដំបូង។ នេះបើយោងតាមប្រភព័ត៌មានចិនស៊ិនហួ ដែលត្រូវបានដកស្រង់នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧។
អ្នកគ្រប់គ្រោងគម្រោងនៃយានអវកាស Cassini លោក Earl Maize នៃមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់ភ្នាក់ងារអវកាស NASA បានបង្ហាញឲ្យឃើញថា «តំបន់ដែលស្ថិតនៅចន្លោះរវាងភពសៅរ៍ និងខ្សែក្រវ៉ាត់ដុំថ្មរបស់វា គឺជាទីលំហឋានដែលមានកំរិតធូលីទាបជាងការលំពឹងទុក របស់ក្រុមអ្នកវិទ្យាសាស្រ្តបានគិតទុក»។
ពឹងផ្អែកលើរូបភាពដែលទទួលបានពីយានអវកាស បានឲ្យដឹងថា បរិយាកាសនៃតំបន់ដែលស្ថិតនៅចន្លោះភពសៅរ៍ និងខ្សែក្រវ៉ាត់ដុំថ្មរបស់វា គឺជាតំបន់ដែលគ្មានរូបធាតុអ្វីទាំងអស់ ដែលវាអាចជាតំបន់ដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់យានអវកាស ដែលធ្វើការឆ្លងកាត់ចូលទៅតំបន់នោះ។
ជាក់ស្តែងបន្ទាប់ពីការបំពេញបេសកកម្ម នៅក្នុងលំហអាកាសអស់រយៈពេលជិត ២០ឆ្នាំ យានអវកាស Cassini បានចាប់ផ្តើមគម្រោងបេសកកម្មថ្មីមួយ ឈ្មោះថា «Grand Finale» ដែលនេះគឺជាបេសកកម្មចុងក្រោយបង្អស់ និងសំខាន់បំផុតក្នុងការរុករកជាប្រវត្តិសាស្រ្តនៃតំបន់អាថ៌កំបាំងជាច្រើន នៃភពសៅរ៍ និងខ្សែក្រវ៉ាត់ដុំថ្មរបស់វា។
គួរបញ្ជាក់ដែរថា យានអវកាស Cassini ត្រូវបានបង្ហោះទៅក្នុងលំហអាកាសនៅក្នុងឆ្នាំ១៩៩៧ ហើយវាបានធ្វើដំណើរទៅដល់ភពសៅរ៍នៅក្នុងឆ្នាំ ២០០៤។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះយានអវកាស Cassini បានរកឃើញសមិទ្ធផលជាច្រើនក្នុងលំហអាកាស ដែលបានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្តអាចសិក្សាបន្ថែម និងដោះស្រាយចម្ងល់បានជាច្រើនអំពីអាថ៌កំបាំងរបស់ចក្រវាឡ៕