(ឡុងដ៏)៖ គ្មានអ្វីកើតឡើងចំពោះព្រះរាជសុខភាព របស់ព្រះមហាក្សត្រី Elizabeth ទីពីរ និងព្រះស្វាមីព្រះអង្គម្ចាស់ Philip នោះទេ បន្ទាប់ពីក្រុមមន្ត្រីជាន់ខ្ពស់ព្រះបរមរាជវាំងទំាងអស់ ត្រូវបានកោះប្រជុំជាបន្ទាន់ នៅឯព្រះបរមរាជវាំង Buckingham និងមានបែកធ្លាយពាក្យចចាមអារាមមួយចំនួននៅតាមបណ្តាញសង្គមនានា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។
ដោយឡែកបើតាមសារព័ត៌មាន Daily Mail ក្រុមមន្ត្រីព្រះបរមរាជវាំងទាំងអស់ ត្រូវបានកោះប្រជុំជាបន្ទាន់នៅ Buckingham ក្រោយមានពាក្យចចាមអារ៉ាមជាច្រើនរីកសាយភាយនៅលើបណ្ដាញទំនាក់ទំនងសង្គមថា ម្ចាស់ក្សត្រី Elizabeth ទីពីរ និងព្រះអង្គម្ចាស់ Philip មានបញ្ហាព្រះរាជសុខភាព។ ទន្ទឹមគ្នាខាងព្រះបរមរាជវាំង មិនបានធ្វើការអត្ថាធិប្បាយអ្វីឡើយ ដោយគ្រាន់តែអះអាងថា កិច្ចប្រជុំរបៀបនេះត្រូវធ្វើឡើងម្ដងម្កាលតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ក្សត្រីយ៍ Elizabeth ទីពីរ ទើបតែប្រារព្ធពិធីចំរើនព្រះជន្ម ៩១ព្រះវស្សា កាលពីខែមេសា រីឯព្រះអង្គម្ចាស់ Philip នឹងឈានចូលដល់ព្រះជន្ម ៩៦ព្រះវស្សានៅខែក្រោយនេះដែរ៕