(ម៉ូស្គូ)៖ ក្រុមប្រឆាំងប្រដាប់ដោយអាវុធនៅប្រទេសស៊ីរី នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនឹងវិលត្រឡប់ទៅចូលរួមកិច្ចចរចាស្តីពីការដោះស្រាយបញ្ហាជម្លោះដ៏រ៉ាំរ៉ៃ នៅក្នុងប្រទេសមជ្ឈិមបូព៌ា ដែលបាននិងកំពុងតែប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីអាស្តាណា នៃប្រទេសកាហ្សាក់ស្តង់ ក្រោយពីបានប្រកែកថា ខ្លួននឹងមិនចូលរួមទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។
យ៉ាងណាមិញទោះបីជាទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA ដែលតាមដានព័ត៌មានជាក់លាក់ចំពោះកិច្ចចរចាគ្នាបានធ្វើសេចក្តីរាយការណ៍ថា ក្រុមឧទ្ទាមប្រដាប់អាវុធស៊ីរីនឹងត្រឡប់ចូលមកអង្គុយនៅតុចរចាវិញយ៉ាងណាក៏ដោយ ក៏ប្រភពការទូតមិនបញ្ចេញអត្តសញ្ញាណមួយផ្សេងទៀត បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅក្នុងទីក្រុងអាស្តាណាផ្ទាល់ថា ប្រតិភូនៃក្រុមឧទ្ទាមពុំទាន់បានធ្វើដំណើរមកដល់កន្លែងជួបជុំនៅឡើយទេ។
គួរបញ្ជាក់ថា ក្រុមប្រឆាំងប្រដាប់អាវុធស៊ីរី បានឲ្យដឹងនាថ្ងៃពុធម្សិលមិញនេះថា ខ្លួនបានសម្រេចផ្អាកការចូលរួមនៅក្នុងកិច្ចចរចាសន្តិភាពខាងលើនេះឡើយ និងបានទាមទារឲ្យបញ្ឈប់ការទម្លាក់គ្រាប់បែបរបស់រដ្ឋាភិបាល ទៅលើតំបន់នានាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន៕