(សេអ៊ូល)៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Hwang Kyo-ahn បានចេញបញ្ជាឲ្យមន្ត្រីជាន់ខ្ពស់ដែលពាក់ព័ន្ធ ធ្វើការបង្កើនសន្តិសុខរបស់ប្រទេសជាតិ នៅអំឡុងយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ចំពោះមុខការគំរាមកំហែងសន្តិសុខដោយកូរ៉េខាងជើងឥតឈប់ឈរ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន យ៉ុនហាប់ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។
លោក Hwang បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «ខ្ញុំបញ្ជាក្រសួងការពារជាតិ ក្រសួងការបរទេស និងក្រសួងពាក់ព័ន្ធដទៃៗទៀត ធ្វើការបង្កើនកម្រិតការពារសន្តិសុខខ្ពស់របស់យើងដែលមានស្រាប់ឲ្យកាន់តែរឹងមាំបន្ថែមទៀត នៅក្នុងស្ថានការណ៍ដ៏ផុយស្រួយនេះ មុនពេលការបោះឆ្នោតប្រធានាធិបតីជិតមកដល់ ព្រមទាំងធ្វើការបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយនឹងសហគមន៍អន្តរជាតិ»។
ការលើកឡើងរបស់លោកប្រធានធិបតីស្តីទីខាងលើនេះ ក៏បានសង្កត់ធ្ងន់ផងដែរទៅលើសកម្មភាពរបស់ទីក្រុងព្យុងយ៉ាង ដែលនៅតែបន្តការបង្កហេតុឥតឈប់ឈរ ហើយវាពិតណាស់ថា សន្តិសុខក្នុងតំបន់ឧបទ្វីបកូរ៉េកំពុងតែរងការគំរាមកំហែង។ កូរ៉េខាងត្បូងក៏បានព្រមានផងដែរថា សកម្មភាពបង្កហេតុរបស់កូរ៉េខាងជើងណាមួយបន្ថែមទៀតនោះ វានឹងក្លាយជាការបន្ថែមទណ្ឌកម្មថ្មីៗទៀតលើខ្លួនឯង ដែលប្លែកខុសពីប្រទេសនេះធ្លាប់ទទួលរង កាលពីលើកមុនៗ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង នឹងរៀបចំបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី០៩ ខែឧសភា ចុងសប្តាហ៍នេះ ខណៈដែលលោក Moon Jae In គឺជាបេក្ខជននាំមុខគេ ដែលក្រុមអ្នកវិភាគជឿជាក់ថា ជាអ្នកឈ្នះឆ្នោតក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ដែលមានអាណត្តិ ០៥ឆ្នាំ៕