(អាមេរិក)៖ យោងតាមការប្រកាសលទ្ធផលសម្រាប់ត្រីមាសទី១ ប្រឆាំឆ្នាំ២០១៧នេះគេសង្កេតឃើញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនបណ្តាញទំនាក់ទំនង សង្គមដ៏ធំបំផុតលើពិភពលោក Facebook បានហក់ឡើងខ្ពស់នៅក្នុងរយៈពេលបីខែដើមឆ្នាំនេះ។ ប្រាក់ចំណូលនេះទទួលបានរហូតដល់ ជាង៣ពាន់លានដុល្លារ។
លោក Mark Zuckerberg បានប្រកាសថា អ្នកប្រើប្រាស់ Facebook បានកើនឡើងគួរឲ្យកត់សម្គាល់គឺដល់ទៅជិត២ពាន់លាននាក់ហើយ។ ដោយនៅក្នុងចំណោមនោះ១.៣ពាន់លាននាក់ប្រើប្រាស់វាជារៀងរាល់ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Facebook គឺមហាសេដ្ឋីវ័យក្មេងលោក Mark Zuckerberg ក៏បានប្រកាស ស្តីពីការបន្ថែមបុគ្គលិកចំនួន៣០០០នាក់ នាឆ្នាំក្រោយ ដើម្បីប្រយុទ្ធប្រឆាំងជាមួយវិដេអូ បង្ហាញពីសកម្មភាពហិង្សា និងឃាតកម្ម ដែលត្រូវបានបង្ហោះ ឬផ្សាយផ្ទាល់ (Live) នៅលើបណ្តាញទំនាក់ទំនងសង្គម នេះផងដែរ៕