(វ៉ាស៊ីនតោន)៖ ទីបញ្ជាការដ្ឋាននៃកងកម្លាំងប្រតិបត្តិការពិសេសអាមេរិក កំពុងតែធ្វើការហ្វឹកហាត់យ៉ាងសកម្ម ដើម្បីធានាឲ្យបានពីសមត្ថភាពនៃការត្រៀមខ្លួនបញ្ចេញប្រតិបត្តិការបន្ទាន់ៗនានា នៅតំបន់ឧបទ្វីបកូរ៉េ ជាទីដែលកងអង្គភាពពិសេសនេះ អាចនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទប់ទល់ អាវុធប្រល័យលោករបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។
ការគូសបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងដោយលោកមេបញ្ជាការ Raymond Thomas នៅក្នុងសេចក្តីថ្លែងការណ៍មួយ សម្រាប់កិច្ចប្រជុំគណកម្មាធិការសព្វាវុធនៃព្រឹទ្ធសភាអាមេរិក។ សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា ការគំរាមកំហែងនៃប្រទេសកូរ៉េខាងជើងដ៏រឹងទទឹង បានបង្កជាក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះរូបលោក ហើយការគំរាមកំហែងនេះមិនមែនមានតែនៅក្នុងតំបន់នោះឡើយ ប៉ុន្តែជះឥទ្ធិពលទូទាំងពិភពលោកទាំងមូល។
លោក Thomas បាននិយាយថា «ជាការឆ្លើយតបទីបញ្ជាការប្រចាំតំបន់ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក (USPACOM) និងកងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង (USFK) កំពុងផ្តោតសំខាន់ទៅលើការពង្រឹង និងរក្សាសមត្ថភាពប្រយុទ្ធនៅក្នុងតំបន់ រួមទាំងការធានាឲ្យបាននូវដំណោះស្រាយឥតរុញរា នៅចំពោះមុខសកម្មភាពបង្ករឿងជាច្រើនផ្ទួនៗគ្នា ក៏ដូចជាការរឹតបន្តឹងភាពជាដៃគូសហការជាមួយបណ្តាសម្ព័ន្ធមិត្ត ដ៏ជិតស្និទ្ធបំផុតរបស់យើង»។
ជាចុងបញ្ចប់លោក Raymond Thomas បានបញ្ជាក់យ៉ាងដូច្នេះថា «ហេតុនេះហើយ យើងកំពុងតែបន្តធ្វើការហ្វឹកហាត់យ៉ាងសកម្មជាទីបំផុត ដើម្បីពង្រឹងសមត្ថភាពត្រៀមខ្លួន នៅក្នុងប្រតិបត្តិការបន្ទាន់ផ្សេងៗ រួមទាំងសមត្ថភាពនៃការទប់ទល់ជាមួយអាវុធប្រល័យលោក (CWMD) ថែមទៀតផង ដែលប្រហែលជាអាចដើរតួនាទីយ៉ាងសំខាន់»៕