(សេអ៊ូល)៖ សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ទណ្ឌកម្មបន្ថែម ក្នុងនោះរួមមានទំាង ការដាក់សម្ពាធលើប្រទេសពាក់ព័ន្ធដទៃទៀត ឲ្យចូលរួមអនុវត្តន៍ការដាក់ទណ្ឌកម្មក្រោមក្របខណ្ឌ UN ប្រឆាំងកូរ៉េខាងជើង រហូតដល់របបដឹកនាំ លោក គីម ជុងអ៊ុន មានឆន្ទៈត្រឡប់មករកកិច្ចចរចាស្ដីពីការ បោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បត៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសារមួយផ្ញើទៅកាន់ក្រសួងការងារអាមេរិក លោក រិច ធីល្លឺសុន បានលើកឡើងយ៉ាងដូច្នេះថា «យើងកំពុងរៀបចំការដាក់ទណ្ឌកម្មបន្ថែម ព្រមទំាងនឹងជំរុញផងដែរឱ្យបណ្ដាប្រទេសពាក់ព័ន្ធ ចូលរួមអនុវត្តន៍ទណ្ឌកម្ម UN លើកូរ៉េខាងជើង។ ដូច្នេះយើងសង្ឃឹមថា របបដឹកនាំកូរ៉េខាងជើង នឹងគិតគូរយ៉ាងល្អិតល្អន់ពីរឿងនេះ ក៏ដូចជាត្រឡប់មករកផ្លូវដោះស្រាយបញ្ហាសាជាថ្មី»។
ទោះបីជាមិននិយាយចំឈ្មោះចិនក្តី រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានព្រមានបណ្ដាប្រទេស ដទៃទៀតថា សហរដ្ឋអាមេរិកនឹងឃ្លំាមើល ការអនុវត្តន៍ការដាក់ទណ្ឌកម្មរបស់ពួកគេ។ «នៅពេលដែល យើងឃើញអ្នកមិនបានអនុវត្តន៍ ចូលរួម ឬក៏រំលោភលើការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង (...) នោះយើងនឹងទាក់ទងអ្នក ហើយយើងនឹងសុំឱ្យអ្នកគិតគូរពីរឿងនេះ។ តែបើអ្នកមិនអាច ឬមិនចង់ គិតគូរពីវា ដោយសារតែហេតុផលនយោបាយផ្ទៃក្នុងរបស់អ្នក យើងនឹងដាក់ទណ្ឌកម្មលើពួកអ្នក តាមរយៈទណ្ឌកម្មប្រទេសទី០៣»។ នេះគឺជាសម្ដីរបស់ លោក ធីល្លឺសុន។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញមួយចំនួន ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងសម្ពាធលើកូរ៉េខាងជើង គឺជាកំហុសមួយដ៏ធំរបស់រដ្ឋាភិបាលអាមេរិក ត្បិតការធ្វើបែបនេះនឹងធ្វើឱ្យទីក្រុងព្យុងយ៉ាង កាន់តែច្បាស់នៅក្នុងចិត្តថា បើមិនចង់មានជោគវាសនា ដូចលីប៊ី និងអ៊ីរ៉ាក់ ខ្លួនត្រូវតែមានអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបជាដាច់ខាត ដើម្បីមានទឹកមាត់ប្រៃនិយាយជាមួយទីក្រុងវ៉ាស៊ីនតោន ឬទប់ទល់ការឈ្លានពាននៅថ្ងៃណាមួយ៕