(វ៉ាស៊ីនតោន)៖ អត្រានៃការសម្រេចបានតាមការសន្យា របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរយៈពេល ១០០ថ្ងៃដំបូង នៃការកាន់ដំណែង គឺបានត្រឹមតែ ៤៣ភាគរយប៉ុណ្ណោះ ដែលនេះជាតួលេខទាបបំផុតមិនធ្លាប់មានក្នុងប្រវតិ្តសាស្ត្រអាមេរិក ចាប់តាំងពីឆ្នាំ១៩៥៣មក។ នេះបើតាមការដកស្រង់ព័ត៌មានពី Gallup ចេញផ្សាយនៅដើមខែឧសភា ឆ្នាំ២០១៧។
ជាទូទៅអតីតប្រធានាធិបតីនាអាណត្តិមុនៗ តែងតែរីករាយជាមួយនឹងអត្រាខ្ពស់បំផុត នៃការសម្រេចបានតាមការសន្យារបស់ខ្លួន ក្នុងរយៈពេល១០០ថ្ងៃដំបូង នៃការចាប់ផ្តើមកាន់អំណាច បន្ទាប់ពីយុទ្ធនាការឃោសនាបោះឆ្នោត។ ប៉ុន្តែក្រោយមកអត្រានៃការសម្រេចតាមការសន្យា នឹងធ្លាក់ចុះបន្តិចម្តងៗ ទៅតាមពេលវេលា។
ដោយឡែកក្នុងករណីលោក ដូណាល់ ត្រាំ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដ៏វិវាទកាលពីឆ្នាំ២០១៦ និងការចាញ់សំឡេងឆ្នោតពេញនិយម Population Vote រហូតដល់បីលាននាក់ ប្រធានាធិបតីរូបនេះបានឡើងកាន់អំណាច ដោយអត្រានៃការសម្រេចបានទាបបំផុត ចាប់តាំងពីការចាប់ផ្តើមតែម្តង ដែល ករណីបែបនេះមិនធ្លាប់មានតាំងពីឆ្នាំ១៩៥៣ មកម្ល៉េះ។
ក្នុងពេលឃោសនាប្រធានាធិបតីរូបនេះ មានបំណងចង់ធ្វើកំណែទម្រង់ទៅលើគ្រប់រឿងទាំងអស់ ជាអាថ៌មានដូចជា គោលនយោបាយទំនាក់ទំនងការបរទេស ឬស្ថាប័នសារព័ត៌មាន។ ក្នុងពេលនោះលោក ដូណាល់ ត្រាំ បានប្រាប់បេក្ខជនដែលត្រៀមទទួលដំណែងក្នុងគណរដ្ឋមន្ត្រី ឱ្យចេះធ្វើជាមនុស្សវៃឆ្លាត។
លោកចង់ធ្វើកំណែទម្រង់ទៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងកម្រិត ៣៦០ដឺក្រេតែម្តង ព្រមទាំងចង់ឱ្យវាកើតឡើងក្នុងភ្លាមៗផងដែរ។ ហេតុនេះរយៈពេល ១០០ថ្ងៃដំបូងរបស់លោក គឺពិតមានភាពសំខាន់ និងច្បាស់លាស់ជាខ្លាំង។ លោកធ្លាប់គ្រោងពេលវេលាសម្រាប់រៀបចំរបៀបវារៈ ដែលអាចឱ្យមនុស្សវាយតម្លៃបានថា តើលោកពិតជាអាចផ្លាស់ប្តូរសហរដ្ឋអាមេរិក បានកម្រិតណាក្នុងរយៈពេលបីខែនេះ។
ជាអកុសលចាប់តាំងពីការឡើងកាន់អំណាច រដ្ឋាភិបាលរបស់លោកត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះជាខ្លាំង បន្ទាប់ពីភាពបរាជ័យក្នុងការលុបចោល កម្មវិធីថែទាំសុខភាពរបស់លោក អូបាម៉ា ការដាក់ចេញការហាមឃាត់ការធ្វើដំណើរ ដែលត្រូវបានរារាំងដោយតុលាការអាមេរិក ការបង្កឱ្យមានបាតុកម្មទូទាំងប្រទេស ការលាលែងពីដំណែងរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ លោក Michael Flynn និងការស្ថិតក្រោមការស៊ើបអង្កេត ទៅលើយុទ្ធការឃោសនាបោះឆ្នោតរបស់លោកផ្ទាល់ បន្ទាប់ពីត្រូវបានគេសង្ស័យថា មានរុស្ស៊ីនៅពីក្រោយខ្នង។
ប៉ុន្តែអត្រានៃការសម្រេចបានការសន្យារបស់លោក ហាក់ឡើងខ្ពស់បន្តិចវិញ បន្ទាប់ពីលោក បានចេញបញ្ជាវាយប្រហារកម្ទេចហេដ្ឋារចនាសម្ព័ន្ធ ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាស្សាដ បន្ទាប់ពីរដ្ឋាភិបាលស៊ីរីមួយនេះ ត្រូវបានគេចោទថា បានប្រើប្រាស់អាវុធគីមីសម្លាប់មនុស្សទ្រង់ទ្រាយធំ។ ទន្ទឹមនឹងនេះដែរនោះ សហរដ្ឋអាមេរិក បានទម្លាប់គ្រាប់បែកដែលមានឥទ្ធិពលបំផុតក្នុងគោលដៅកម្ចាត់ពួកISIS ក្នុងប្រទេស អាហ្វហ្គានីស្ថាន។
បើទោះបីជាប្រធានាធិបតីរូបនេះ សម្រេចបានទៅលើសកម្មភាពវាយប្រហារ ដោយយោធាយ៉ាងណាក៏ដោយ តែអត្រាសម្រេចបានរបស់លោកពិត ជាមានកម្រិតទាបជាខ្លាំងក្នុងប្រវត្តិសាស្ត្រអាមេរិក នេះបើយោងតាមប្រភពពី Gallup ដែលចាប់ផ្តើមធ្វើកំណត់ត្រា រាល់ការឡើងកាន់អំណាច រយៈពេល១០០ថ្ងៃដំបូងនៃប្រធានាធិបតីអាមេរិកគ្រប់រូប ចាប់តាំងពីឆ្នាំ១៩៥៣កន្លងទៅនេះ គឺចាប់តាំងពីពេលដែលប្រធានាធិបតីអាមេរិកលោក Eisenhower ឡើងកាន់អំណាច៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា