(ប៉េកាំង)៖ យន្តហោះដឹកអ្នកដំណើរធុនមធ្យម C919 របស់ក្រុមហ៊ុន COMAC ក្នុងទីក្រុងសៀងហៃ ប្រទេសចិន នឹងត្រូវដាក់ឲ្យដំណើរការជាផ្លូវការលើកដំបូង នៅថ្ងៃទី០៥ ខែឧសភាខាងមុខនេះ បន្ទាប់ពីបានឆ្លងកាត់ការធ្វើតេស្តហោះហើរគ្រប់ទម្រង់ ព្រមទាំងត្រូវបានទទួលស្គាល់ដោយស្ថាប័នសុវត្ថិភាពផ្លូវអាកាសអន្តរជាតិនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៧។
សម្រាប់យន្តហោះ C919 នេះត្រូវបានពន្យាពេលនៃការដាក់សម្ពោធពីរលើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៤ ហើយបន្ទាប់មកទើបចិនសម្រេចដាក់តាំងបង្ហាញវាជាផ្លូវការលើកដំបុង នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងទីក្រុងសេដ្ឋកិច្ចដ៏ទំនើប សៀងហៃ តែម្តង។ C919 មានសមត្ថភាពផ្ទុកអ្នកដំណើរពី ១៥៦នាក់ ទៅ ១៦៨នាក់ ដែលចិនប្តេជ្ញាថា នឹងធ្វើការប្រកួតប្រជែងជាមួយយន្តហោះ Boeing 737 និង Airbus A320 ដែលកំពុងតែពេញនិយមបំផុតលើលោក នាពេលបច្ចុប្បន្ន។
លោក Li Qiang អ្នកជំនាញផ្នែកផលិតយន្តហោះមួយរូបរបស់ក្រុមហ៊ុន COMAC បានថ្លែងប្រាប់ស៊ិនហួរកាលពីពេលថ្មីៗនេះថា «យើងបានធ្វើតេស្តទៅលើគ្រប់ផ្នែករបស់យន្តហោះ និងមូលដ្ឋានគ្រឹះ ព្រមទាំងផ្នែកតភ្ជាប់របស់វារួចរាល់ជាស្ថាពរហើយ»។ សម្រាប់ក្រុមហ៊ុនដែលយក C919 មកបម្រើអតិថិជនដំបូងនោះគឺ អាកាសចរណ៍ភាគខាងកើតចិន China Easter Airlines។
គួរបញ្ជាក់ថា ក្រុមហ៊ុន COMAC បានអះអាងថា ខ្លួនទទួលបានការកក់យន្តហោះប្រភេទ C919 នេះចំនួន ៥៧០គ្រឿងហើយពីក្រុមហ៊ុនចំនួន ២៣ ហើយសម្រាប់តម្លៃនោះ គឺមួយគ្រឿងខ្ទង់ ៥០លានដុល្លារអាមេរិក ថោកជាងប្រភេទដូចគ្នារបស់ក្រុម៊ុន Boeing និង Airbus រហូតដល់ទៅ ៣០ភាគរយ៕