(វ៉ាស៊ីនតោន)៖ រូបភាពពីប្រព័ន្ធផ្កាយរណបកាលពីពេលថ្មីៗនេះ បានបង្ហាញពីសកម្មភាពមួយចំនួនដែលនៅតែបន្តនៅក្នុងទីតាំងដែលទុកសម្រាប់ធ្វើតេស្តនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង ក្នុងនោះគេសង្កេតឃើញចំហាយទឹកភាយចេញពីតំបន់រូងភ្នំ នៅក្បែរទីលានបាល់ទាត់តូចមួយផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន យ៉ុនហាប់ ដកស្រង់ពីវែបសាយតាមដានសកម្មភាពកូរ៉េខាងជើង 38 North នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។
ទោះបីជាបែបនេះក្តី ក្រុមតាមដានសកម្មភាពកូរ៉េខាងជើងខាងលើនេះ មិនអាចសន្មត់ឲ្យច្បាស់ឡើយថា តើសកម្មភាពដូចដែលផ្កាយរណបថតបាន ជាការបង្ហាញពីគំរោងធ្វើតេស្តនុយក្លេអ៊ែរដែលត្រូវបានលុបចោល, ជាការផ្អាកបណ្តោះអាសន្នសិន, ឬមួយក៏ជាការត្រៀមធ្វើតេស្តសាជាថ្មីនោះឡើយ។ វែបសាយ 38 North បានសរសេរយ៉ាងដូច្នេះថា «មនុស្សជាច្រើនបានបង្ហាញវត្តមាននៅពាសពេញតំបន់ធ្វើតេស្តនុយក្លេអ៊ែរ នៅក្នុងរូបភាពដែលគេថតបានចុងក្រោយ។ ទោះបីជាបែបនេះក្តី វាគឺជារឿងមិនធម្មតា ប៉ុន្តែក៏អាចជាការខិតខំប្រឹងប្រែងក្នុងន័យបោកប្រាស់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងក៏ថាបាន»។
គួរបញ្ជាក់ថា មានការចេញផ្សាយពីការសន្និដ្ឋានថា កូរ៉េខាងជើងអាចធ្វើតេស្តនុយក្លេអ៊ែរ នៅចំទិវាសំខាន់ៗរបស់ជាតិដូចជា ថ្ងៃខួបកំណើតបិតាស្ថាបនិក និងថ្ងៃខួបកំណើតកងទ័ពជាដើម ប៉ុន្តែការធ្វើតេស្តលើកទី៦ ដែលគេភ័យខ្លាចនោះមិនទាន់បានកើតមានឡើងនោះឡើយ ដោយវាបានជំនួសមកវិញនូវការធ្វើតេស្តមីស៊ីលបរាជ័យចំនួនពីរលើកទៅវិញ៕