(វ៉ាស៊ីនតោន)៖ នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក FBI James Comey បាននិយាយដោយបើកចំហ នៅចំពោះមុខព្រឹទ្ធសភាអាមេរិកថា រុស្ស៊ីគឺជាប្រទេសដែលការគំរាមកំហែងដ៏ធំដល់បណ្ដាប្រជាជាតិទំាងអស់នៅលើពិភពលោក រួមទំាងដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោក James Comey ធ្វើឡើងនៅក្នុងសវនាការស្ដាប់ ចំពោះមុខគណៈកម្មាធិការយុត្តិធម៌ព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃពុធ ហើយនៅពេលនោះដែរ ព្រឹទ្ធសមាជិកមកពីរដ្ឋ South Carolina លោក Lindsey Graham បានសួរនាយក FBI រូបនេះថា តើរុស្ស៊ីគឺជាការគំរាមកំហែង ប្រភេទណាដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ? លោក Comey បានតបដោយឥតស្ទាក់ស្ទើរដូច្នេះថា «ក្នុងគំនិតរបស់ខ្ញុំ រុស្ស៊ីគឺជាការគំរាមកំហែងដ៏ធំបំផុតសម្រាប់បណ្ដាប្រជាជាតិទំាងអស់ នៅលើពិភពលោក រួមទំាងដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិក»។
ទោះបីជាយ៉ាងនេះក្ដី នៅពេលមានការសួរពាក់ព័ន្ធនឹងរឿងស៊ើបអង្កេត លើទំនាក់ទំនងរវាងក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោត របស់លោក ដូណាល់ ត្រាំ និងទីក្រុងម៉ូស្គូ លោក Comey ខ្លួនឯងមិនបានបញ្ជាក់ចំឈ្មោះ ហើយក៏មិនបាននិយាយអ្វីច្រើនដែរក្រៅតែពីបញ្ជាក់ថា ការស៊ើបអង្កេតកំពុងដំណើរការនៅឡើយ។
គួររំលឹកថា ទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកចាប់ផ្ដើមតានតឹងជាថ្មី បន្ទាប់ពីរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា បានចោទថា រុស្ស៊ីបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ដើម្បីជួយឱ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោតព្រមទំាងបានបណ្ដេញមន្ត្រីទូតរុស្ស៊ីជាច្រើននាក់ ចេញពីសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែមកទល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោនមិនទាន់បានបង្ហាញភស្ដុតាងជាក់លាក់ថា រុស្ស៊ីពិតជាបានចូល Hack លទ្ធផលបោះឆ្នោតនៅឡើយនោះទេ៕