(សេអ៊ូល)៖ នាពេលថ្មីៗនេះប្រទេសកូរ៉េខាងជើងបានប្រើពាក្យសម្តីខ្លាំងៗ ទៅលើរដ្ឋាភិបាលទីក្រុងប៉េកាំង សម្រាប់ការរិះគន់ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរ របស់រដ្ឋកុម្មុយនិស្តមួយនេះ ដោយរបបដឹកនាំទីក្រុងព្យុងយ៉ាងបានលើកឡើងថា ខ្លួននឹងគ្មានថ្ងៃទៅអង្វរសុំមិត្តភាពពីសម្ព័ន្ធមិត្តដ៏យូរអង្វែងមួយនេះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងាព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។
ការបញ្ចេញប្រតិកម្មបែបនេះរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ត្រូវបានធ្វើឡើងបន្ទាប់ពីសារព័ត៌មានរដ្ឋចិន ដែលបានចេញសេចក្តីរាយការណ៍ថា ការធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង បានបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនៃប្រទេសក្បែរខាង។
KCNA បានលើកឡើងដូច្នេះថា «សេចក្តីរាយការណ៍នោះបានអះអាងថា ប្រទេសកូរ៉េខាងជើង បានបង្កការគំរាមកំហែងដល់សន្តិសុខ នៅតំបន់ភាគឦសានរបស់ចិន តាមរយៈពេលការធ្វើតេស្តអាវុធនុយក្លេអ៊ែរ នៅចម្ងាយមិនដល់ ១០០គីឡូម៉ែត្រពីព្រំប្រទល់របស់ខ្លួនជាមួយនិងប្រទេសចិន។ ជាងនេះទៅទៀតពួកគេថែមទាំងបាននិយាយមិនសមហេតុសមផលទៀតថា កូរ៉េខាងជើង ជាអ្នកដែលបានធ្វើឲ្យស្ថានការណ៍នៅតំបន់អាស៊ីឦសានធ្លាក់ចុះដុនដាប ជាហេតុផ្តល់លេសឲ្យអាមេរិក ធ្វើការចល័តសព្វាវុធទំនើបៗទៅក្នុងតំបន់បន្ថែមទៀត»។
សារព័ត៌មានខាងលើនេះបានគូសបញ្ជាក់បន្តថា ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បានអំពាវឲ្យមានការរឹតបន្តឹងទណ្ឌកម្ម ប្រឆាំងនឹងកូរ៉េខាងជើង និងបានទុកជម្រើសឲ្យទីក្រុងព្យុងយ៉ាង ជ្រើសរើសរវាងការទទួលរងភាពឯកកោដ៏យូរអង្វែងតទៀត និងការទទួលបានសន្តិសុខជាតិ រួមទាំងរវាងការកាត់ផ្តាច់ចំណងមិត្តភាពទ្វេភាគីរវាងប្រទេសទាំងពីរ ឬការលះបង់ចោលអាវុធនុយក្លេអ៊ែរ បើសិនជាមិនចង់មានការប្រឈមមុខផ្នែកយោធាជាមួយចិនទេនោះ។
ជាការឆ្លើយតបទីភ្នាក់ងារព័ត៌មាន KCNA បានបញ្ជាក់ថា «កូរ៉េខាងជើង នឹងគ្មានថ្ងៃលុតជង្គង់សុំអង្វរការបន្តរក្សាចំណងមិត្តភាពជាមួយប្រទេសចិន ដោយដាក់កម្មវិធីអាវុធនុយក្លេអ៊ែរ ដែលមានតម្លៃស្មើជីវិតរបស់ប្រទេសទាំងមូល ទៅក្នុងហានិភ័យនោះឡើយ ទោះបីជាជាមិត្តភាពនោះសំខាន់បែបណាក៏ដោយក្តី»។
គួរបញ្ជាក់ថា ជាចុងក្រោយ KCNA បានព្រមានសម្ព័ន្ធដ៏យូរអង្វែង និងតែមួយគត់របស់ខ្លួន កុំឲ្យចង់សាកល្បងភាពអត់ធ្មត់របស់កូរ៉េខាងជើងឲ្យសោះ៕