(សេអ៊ូល)៖ មេដឹកនាំគុយបាលោក Raul Castro Ruz បានបង្ហាញពីភាពសាមគ្គីភាពជាមួយកូរ៉េខាងជើង ក្នុងការប្រឈមមុខរួមគ្នា ប្រឆាំងទៅនឹងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។
យោងតាមទីភ្នាក់ងាររដ្ឋកូរ៉េខាងជើង KCNA ប្រធានាធិបតីរបស់ប្រទេសគុយបា នាដើមសប្តាហ៍នេះ បានធ្វើការគូសបញ្ជាក់យ៉ាងដូច្នេះ នោពេលបានរូបលោកបានចូលជួបពិភាក្សាការងារ ជាមួយលោក Ju Yong-Gil ប្រធាននៃក្រុមសហជីពរបស់កូរ៉េខាងជើង ដែលបានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅគុយបា ដើម្បីចូលរួមកិច្ចប្រជុំនៃសហព័ន្ធសហជីពពាណិជ្ជកម្មពិភពលោក។
សារព័ត៌មានដដែលនេះបានឲ្យទៀតថា «ដោយសំដៅលើស្ថានការណ៍បច្ចុប្បន្ន នៅឧបទ្វីបកូរ៉េ លោក Raul Castro Ruz បានថ្លែងថា គុយបានឹងផ្តល់ការជួយគាំទ្រយ៉ាងពេញទំហឹង ដល់គណបក្សកាន់អំណាចក៏ដូចជាប្រជាពលរដ្ឋកូរ៉េ នៅក្នុងការតស៊ូលំបាករបស់ពួកគេ ហើយនឹងតែងតែឈរប្រកៀកស្មាគ្នាជាមួយពួកគេ នៅក្នុងរណសិរ្សរួមដើម្បីប្រឆាំងអាមេរិក»។
គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានកត់សម្គាល់អំពីចំណងទាក់ទងរបស់ខ្លួន ជាមួយប្រទេសគុយបា ស្របពេលដែលកូរ៉េខាងជើង កំពុងព្យាយាមបំបែកខ្លួនចេញពីការដាក់គម្លាតផ្នែកការទូតយ៉ាងខ្លាំងក្លា នៅចំពោះមុខការដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ ដែលត្រូវបានដាក់ទៅលើរដ្ឋកុម្មុនិស្តមួយនេះ ដោយសារតែកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។ ហើយប្រទេសទាំងពីរនេះ បានបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ចាប់តាំងតែពីពួកគេបានបង្កើតចំណងការទូតរបស់ពួកគេកាលពីឆ្នាំ១៩៦០៕